បាបវគ្គទី ៩ ្ប ៥៦១ ្ទ - ៧៨៤ - រឿងព្រាហ្មណ៍ឈ្មោះចូឡេកសាដក
ខុទ្ទកនិកាយ គាថាធម្មបទ រឿង ព្រាហ្មណ៍ ឈ្មោះ ចូឡេកសាដក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធចូឡេកសាដកព្រាហ្មណ៍ ត្រាស់ព្រះធម្មទេសនានេះថា អភិត្ថរេថ កល្យាណេ ជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនៃព្រះវិបស្សីទសពល មានព្រាហ្មណ៍ម្នាក់ ឈ្មោះមហាឯកសាដក ។ តែក្នុងកាលនោះ ព្រាហ្មណ៍នេះជាព្រាហ្មណ៍ឈ្មោះ ចូឡេកសាដកក្នុងក្រុងសាវត្ថី ។ សំពត់សាដកសម្រាប់ស្លៀករបស់ព្រាហ្មណ៍ នោះមានតែមួយផ្ទាំង សូម្បីរបស់នាងព្រាហ្មណីក៏មានតែមួយផ្ទាំង ទាំងពីរនាក់ ប្តីប្រពន្ធ មានសំពត់ដណ្តប់មួយផ្ទាំងបុណ្ណោះ ។ ក្នុងពេលចេញទៅខាងក្រៅ ព្រាហ្មណ៍ ឬព្រាហ្មណី រមែងដណ្តប់សំពត់មួយផ្ទាំងនោះ ។ ក្រោយមក កាលគេប្រកាសការស្តាប់ធម៌ក្នុងវិហារ ព្រាហ្មណ៍ពោលថា នែនាង គេ ប្រកាសការស្តាប់ធម៌ នាងនឹងទៅទីស្តាប់ធម៌ក្នុងពេលថ្ងៃ ឬពេលយប់ ព្រោះ យើងទាំងពីរមិនអាចទៅព្រមគ្នាបាន ព្រោះមិនមានសំពត់ដណ្តប់ ព្រាហ្មណី ឆ្លើយថា នែអ្នក ខ្ញុំនឹងទៅពេលថ្ងៃ ហើយនឹងដណ្តប់សំពត់សាដកទៅ ។ ព្រាហ្មណ៍សម្ងំនៅក្នុងផ្ទះអស់មួយថ្ងៃ លុះពេលយប់ ទើបបានទៅអង្គុយ ស្តាប់ធម៌ ចំពោះព្រះភក្ត្រព្រះសាស្តា ។ គ្រានោះ បីតិ ៥ យ៉ាងជ្រួតជ្រាប ពេញសរីរៈរបស់ព្រាហ្មណ៍នោះកើតឡើងហើយ ។ គាត់ជាបុគ្គលប្រាថ្នានឹង បូជាព្រះសាស្តា គិតថា បើអញថ្វាយសំពត់សាដកនេះសោត សំពត់ដណ្តប់ របស់នាងព្រាហ្មណីនឹងមិនមាន របស់អញក៏មិនមាន ខណៈនោះ ចិត្តប្រកបដោយ សេចក្តីកំណាញ់រាប់ពាន់កើតឡើងហើយដល់គាត់ ចិត្តប្រកបដោយសទ្ធា មួយដួងកើតឡើងទៀត ចិត្តប្រកបដោយសេចក្តីកំណាញ់រាប់ពាន់ កើតឡើង គ្របសង្កត់ចិត្តសទ្ធានោះទៀត ។