រឿងជន ៣ ពួក

ក្បាលទី 33 · ទំព័រ 612

សេចក្តីអធិប្បាយ ក្នុងបទទាំងនោះ គភ៌មនុស្ស ព្រះសាស្តាទ្រង់បំណងយកក្នុងបទថា គភ្ភំ នេះ ពាក្យដ៏សេសក្នុងគាថានេះ មានអត្ថងាយយល់ទាំងអស់ហើយ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងព្រះតិស្សត្ថេរកុលុបកៈរបស់ជាងកែវ ចប់ ៥ រឿងជន ៣ ពួក លំនាំដើម ព្រះសាស្តា កាលគង់ក្នុងវត្តជេតពន ទ្រង់ប្រារព្ធជន ៣ ពួក ត្រាស់ ព្រះធម្មទេសនានេះថា ន អន្តលិក្ខេ ន សមុទ្ទមច្ឆេ ជាដើម ។ បានឮថា កាលព្រះសាស្តា គង់នៅក្នុងវត្តជេតពន ភិក្ខុច្រើនរូបមក បំណងដើម្បីគាល់ព្រះសាស្តា ចូលទៅកាន់ភូមិមួយ ដើម្បីបិណ្ឌបាត អ្នកស្រុក ទទួលបាត្ររបស់ភិក្ខុទាំងនោះហើយ និមន្តឲ្យគង់ក្នុងរោងឆាន់ ប្រគេន បបរ និងរបស់ទំពា កាលរង់ចាំពេលបិណ្ឌបាត អង្គុយស្តាប់ធម៌ហើយ ។ ខណៈនោះ អណ្តាតភ្លើងឆេះឡើងអំពីជើងក្រានរបស់ស្រីម្នាក់ដែលចម្អិនបាយ ហើយចម្អិនសូបៈ និងព្យញ្ជនៈដល់ដំបូល រង្វេលស្មៅមួយហោះឡើងអំពី ដំបូលនោះ ដែលភ្លើងឆេះ ទៅកាន់អាកាស ។ ក្នុងខណៈនោះ ក្អែកមួយហើរ មកតាមអាកាស សកកចូលទៅក្នុងរង្វេលស្មៅនោះ ត្រូវរង្វេលស្មៅរុំហើយ ឆេះធ្លាក់ស្លាប់ត្រង់កណ្តាលស្រុក ។ ពួកភិក្ខុឃើញហេតុនោះ គិតថា ឱកម្មធ្ងន់ អាវុសោអ្នកទាំងឡាយ ចូរមើលអាការប្លែក ដែលក្អែកដល់ហើយ បើវៀរ ព្រះសាស្តា អ្នកណានឹងដឹងកម្មដែលក្អែកនេះធ្វើហើយ ពួកយើងនឹងទូលសួរ កម្មរបស់ក្អែកនោះនឹងព្រះសាស្តា ដូច្នេះហើយ ក៏នាំគ្នាចៀសចេញទៅ ។