រឿងព្រះមហាមោគ្គល្លានត្ថេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះមហាមោគ្គល្លានត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោ ទណ្ឌេន អទណ្ឌេសុ ជាដើម ។ សេចក្តីពិស្តារថា ក្នុងសម័យមួយ ពួកតិរ្ថិយប្រជុំគ្នា គិតថា អាវុសោ លោកទាំងឡាយជ្រាបឬ ហេតុអ្វីទើបលាភសក្ការៈកើតឡើងជាច្រើនដល់ព្រះសមណ គោតម តិរ្ថិយម្នាក់ពោលថា ពួកខ្ញុំមិនដឹង ចំណែកពួកលោកដឹងឬ តិរ្ថិយដែលដឹងរឿង ក៏នាំគ្នាឆ្លើយថា ពួកខ្ញុំដឹង លាភសក្ការៈកើតឡើង ព្រោះ អាស្រ័យព្រះថេរៈមួយរូប ឈ្មោះមហាមោគ្គល្លាន ព្រោះព្រះថេរៈនោះទៅទេវលោក សួរកម្មដែលពួកទេវតាធ្វើហើយ ត្រឡប់មកប្រាប់ពួកមនុស្សថា ទេវតា ធ្វើកម្មឈ្មោះនេះ រមែងបានសម្បត្តិបែបនេះ សូម្បីទៅនរក ក៏សួរកម្មរបស់ ពួកសត្វដែលកើតក្នុងនរកហើយ ត្រឡប់មកប្រាប់ពួកមនុស្សថា ពួកនេរយិកសត្វធ្វើកម្មឈ្មោះនេះ រមែងសោយទុក្ខបែបនេះ ពួកមនុស្សបានស្តាប់ពាក្យ ព្រះថេរៈនោះហើយ រមែងនាំលាភសក្ការៈជាច្រើនទៅប្រគេន ។ បើពួកយើង អាចសម្លាប់ព្រះថេរៈនោះបានសោត លាភសក្ការៈនោះនឹងកើតឡើងដល់ពួកយើង ។ តិរ្ថិយទាំងនោះទទួលថា ឧបាយនេះប្រើបាន ជនទាំងអស់ជាអ្នកមានឆន្ទៈ តែមួយសម្រេចថា ពួកយើងនឹងធ្វើកម្មណាមួយ សម្លាប់ព្រះថេរៈនោះចោល ដូច្នេះហើយ បបួលឧបដ្ឋាករបស់ខ្លួនបានទ្រព្យ ១ ពាន់កហាបណៈ ឲ្យហៅ ពួកចោរអ្នកត្រាច់ធ្វើកម្ម គឺសម្លាប់ មកហើយ ប្រាប់ថា ព្រះថេរៈឈ្មោះ មហាមោគ្គល្លាន នៅត្រង់កាឡសិលា ចូរពួកអ្នកទៅក្នុងទីនោះហើយ សម្លាប់ ព្រះថេរៈនោះ ដូច្នេះហើយ ក៏បានឲ្យកហាបណៈដល់ពួកចោរ ។ ពួកចោរទទួលពាក្យ ព្រោះចំណង់ក្នុងទ្រព្យ តាំងចិត្តថា ពួកយើងនឹង សម្លាប់ព្រះថេរៈ ដូច្នេះហើយ បានព័ទ្ធលំនៅរបស់ព្រះមហាមោគ្គល្លានត្ថេរ ។