ជរាវគ្គទី ១១ ្ប

ក្បាលទី 33 · ទំព័រ 695

កាលបើលោកសន្និវាស ត្រូវភ្លើង មានរាគៈជាដើម ឆេះ ទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយ ត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ ( ម្តេចឡើយ ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ។ អត្តភាពណា មិនទៀងទាត់ ស្ថិតស្ថេរ អ្នកចូរមើលអត្តភាព ( នោះ ) ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញ ដោយដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ជាអត្តភាពក្តៅក្រហាយជានិច្ច ជាទីពឹងត្រិះរិះរបស់ជនច្រើនគ្នា ។ រូបនេះ គ្រាំគ្រាអស់ហើយ ជាទីសម្នាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) តែងបែកធ្លាយទៅវិញ ព្រោះថា ជីវិតមាន សេចក្តីស្លាប់ជាទីបំផុត ។ ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្តីត្រេកអរអ្វីហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។ សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន និងសេចក្តីលុបគុណ ប្រជុំចុះក្នុងសរីរៈណា ( សរីរៈនោះ ) ដែលកុសលាកុសលកម្ម ធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់ និងឈាម ។ រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈ ក៏ដល់នូវសេចក្តី គ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្តីគ្រាំគ្រា ( ដូច្នោះ ) ទេ សប្បុរសទាំងឡាយ តែងនិយាយឲ្យពួកសប្បុរសផងគ្នា ដឹងបាន ។ បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូច គោបម្រើ សាច់របស់វា តែងចម្រើនឡើង តែប្រាជារបស់វា មិនចម្រើន ឡើយ ។