្ទ រឿងស្រីសម្លាញ់របស់នាងវិសាខា

ក្បាលទី 33 · ទំព័រ 697

រឿង ស្រីសម្លាញ់របស់នាងវិសាខា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកស្រីដែលជា សម្លាញ់របស់នាងវិសាខា ត្រាស់ព្រះធម្មទេសនានេះថា កោ នុ ហាសោ កិមានន្ទោ ជាដើម ។ បានឮថា កុលបុត្រ ៥០០ នាក់ ក្នុងនគរសាវត្ថី បានប្រគល់ភរិយា របស់ខ្លួននឹងនាងវិសាខាឧបាសិកា ដោយបំណងថា ដោយឧបាយយ៉ាងនេះ ភរិយាទាំងនេះ នឹងជាបុគ្គលនៅដោយសេចក្តីមិនប្រមាទ ។ ស្រីទាំងនោះ កាលទៅឧទ្យានក្តី ទៅវិហារក្តី រមែងទៅជាមួយនាងវិសាខានោះឯង ។ សម័យមួយ កាលគេឃោសនាមហោស្រពថា នឹងមានការលេង មហោស្រព ទាក់ទងដោយសុរា ៧ ថ្ងៃ ស្រីទាំងនោះក៏ត្រៀមសុរាដើម្បីប្តី រៀងៗ ខ្លួន ប្តីទាំងនោះលេងមហោស្រព ដែលទាក់ទងនឹងស្រាអស់ ៧ ថ្ងៃ ហើយ ក្នុងថ្ងៃទី ៨ បានចេញទៅដើម្បីធ្វើការងារ ។ ស្រីទាំងនោះបបួលគ្នាថា ពួកយើងមិនបានផឹកស្រាចំពោះមុខប្តី ឯស្រា ដែលសល់នៅមាន យើងទាំងឡាយនឹងផឹកស្រានេះដោយវិធីដែលប្តីទាំងនោះ មិនដឹង ដូច្នេះហើយ ទើបទៅក្នុងសម្នាក់របស់នាងវិសាខាពោលថា បពិត្រ អ្នកនាង យើងទាំងឡាយចង់លេងក្នុងឧទ្យាន កាលនាងវិសាខាឆ្លើយថា ប្រពៃ ណាស់អ្នកទាំងឡាយ បើដូច្នោះ ចូរធ្វើកិច្ចដែលគួរធ្វើស្រេចហើយសឹមទៅ ។ បានទៅជាមួយនាងវិសាខានោះ លាក់ស្រាដោយអាការមិនឲ្យអ្នកដទៃឃើញ ផឹករហូតស្រវឹងហើយ ដើរទៅក្នុងឧទ្យាន ។ នាងវិសាខាគិតថា ស្រីទាំងនេះ ធ្វើកម្មមិនសមគួរ ពេលនេះ សូម្បីពួកតិរ្ថិយក៏នឹងតិះដៀលបានថា សាវិកា ទាំងឡាយរបស់ព្រះគោតមផឹកស្រាដើរទៅ ទើបពោលនឹងស្រីទាំងនោះថា នែនាង នាងទាំងឡាយធ្វើកម្មមិនសមគួរ នាំឲ្យកើតអាប់យសដល់ខ្ញុំផង សូម្បីប្តីរបស់នាងក៏ខឹងនឹងពួកនាង ឥឡូវនេះ ពួកនាងនឹងធ្វើដូចម្តេច ស្រី ទាំងនោះឆ្លើយថា បពិត្រអ្នក