រឿងនាងសិរិមា
រឿង នាងសិរិមាលំ នាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធនាងសិរិមា ត្រាស់ ព្រះធម្មទេសនានេះថា បស្ស ចិត្តកតំ ពិម្ពំ ជាដើម ។ បានឮថា នាងសិរិមានោះ មានរូបស្អាត ជាស្រីនគរសោភិនីក្នុងក្រុង រាជគ្រឹះ ខាងក្នុងវស្សាមួយ បានប្រទូស្តចំពោះឧបាសិកាឈ្មោះឧត្តរា ដែលជា ធីតារបស់បុណ្ណកសេដ្ឋី ដែលជាភរិយារបស់សុមនសេដ្ឋីបុត្រ បំណងនឹង ឲ្យនាងឧត្តរានោះជ្រះថ្លា ទើបទូលសូមខមាទោសជាមួយព្រះសាស្តា ទ្រង់ធ្វើ ភត្តកិច្ច ជាមួយភិក្ខុសង្ឃស្រេចហើយ ក្នុងផ្ទះរបស់នាងឧត្តរានោះ ក្នុង ថ្ងៃនោះ បានស្តាប់ភត្តានុមោទនារបស់ព្រះទសពល សម្រេចសោតាបត្តិផល ហើយ ក្នុងកាលចប់ព្រះគាថា ដែលទ្រង់សម្តែងថា បុគ្គលគប្បីផ្ចាញ់ មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បី ផ្ចាញ់មនុស្សអសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សក ំណាញ់ ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិត ដោយពាក្យពិត ។ នេះជាសេចក្តីសង្ខេបក្នុងរឿងនេះ ចំណែកសេចក្តីពិស្តារមានច្បាស់ក្នុង គាថាអនុមោទនានៃកោធវគ្គនោះឯង ។ នាងសិរិមានោះ កាលសម្រេចសោតាបត្តិផលយ៉ាងនោះហើយ និមន្តព្រះទសពល ស្អែកឡើង ថ្វាយទានជាច្រើន ហើយបានតាំងអដ្ឋកភត្ត គឺសលាកភត្តសម្រាប់ភិក្ខុ ៨ អង្គជាប្រចាំ ។ តាំង អំពីថ្ងៃដំបូងមក ភិក្ខុ ៨ រូប ទៅកាន់ផ្ទះនាងជានិច្ច ។ នាងពោលថា និមន្ត លោកម្ចាស់ទាំងឡាយទទួលសប្បិ សូមលោកម្ចាស់ទទួលខីរៈ ដូច្នេះជាដើម ហើយ ដាក់ភត្តពេញបាត្ររបស់ភិក្ខុទាំងនោះ ។ អាហារបិណ្ឌបាត ដែលភិក្ខុ មួយរូបបានហើយ រមែងគ្រប់គ្រាន់ដល់ភិក្ខុ ៣ រូបខ្លះ ៤ រូបខ្លះ ។