រឿងព្រះអធិមានិកភិក្ខុ

ក្បាលទី 33 · ទំព័រ 711

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកភិក្ខុដែល មានការសម្គាល់ថា ខ្លួនបានសម្រេចអរហត្តផលច្រើនរូប ត្រាស់ព្រះធម្មទេសនា នេះថា យានិមានិ ជាដើម ។ បានឮថា ភិក្ខុ ៥០០ រូប រៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ ចូលកាន់ព្រៃ ព្យាយាមញ៉ាំងឈានឲ្យកើតឡើងហើយ សម្គាល់ថា កិច្ចបព្វជិតរបស់ពួកយើងសម្រេចហើយ ព្រោះកិលេសទាំងឡាយមិនផ្សាយឡើង ទើបត្រឡប់មកដោយបំណងថា នឹងក្រាបទូលគុណដែលខ្លួនបានហើយ ដល់ ព្រះសាស្តា ។ ក្នុងពេលដែលពួកភិក្ខុដល់ខ្លោងទ្វារខាងក្រៅបុណ្ណោះ ព្រះសាស្តាត្រាស់នឹង ព្រះអានន្ទត្ថេរថា អានន្ទ ការងារទាក់ទងដោយតថាគត ដែលភិក្ខុទាំងនោះ ចូលមកគាល់មិនមាន ភិក្ខុទាំងនោះ ចូលទៅកាន់ព្រៃខ្មោចស្រស់ជាមុន សិន ត្រឡប់អំពីទីនោះហើយ សឹមគាល់តថាគត ។ ព្រះថេរៈទៅប្រាប់ សេចក្តីនោះដល់ពួកលោកហើយ ។ ពួកលោកមិនពោលថា ពួកយើងនឹង បានប្រយោជន៍អ្វីដោយព្រៃខ្មោចស្រស់ គិតថា ព្រះពុទ្ធទ្រង់ឃើញហេតុឆ្ងាយ ទ្រង់នឹងឃើញហេតុ ដូច្នេះហើយ ទៅកាន់ព្រៃខ្មោចស្រស់ កាលឃើញសព ក្នុងទីនោះ ក៏បាននូវការខ្ពើមក្នុងសាកសពដែលចោល ១ ថ្ងៃ ២ ថ្ងៃ ញ៉ាំង តម្រេកឲ្យកើតក្នុងសរីរៈស្រស់ ដែលគេទើបតែចោលក្នុងខណៈនោះ ។ ក្នុង រំពេចនោះ ក៏ដឹងថា ខ្លួននៅមានកិលេស ។ ព្រះសាស្តា ប្រថាប់គង់ក្នុងព្រះ គន្ធកុដិនោះឯង ទ្រង់ផ្សាយព្រះរស្មីទៅ ដូចត្រាស់ចំពោះមុខរបស់ភិក្ខុទាំងនោះ ដោយព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញរាង ឆ្អឹងដូច្នោះ ញ៉ាំងសេចក្តីត្រេកអរដោយអំណាចរាគៈឲ្យកើត គួរឬ ដូច្នេះ ហើយ ត្រាស់ព្រះគាថានេះថា យានិមានិ អបត្ថានិ អលាពូនេវ សារទេ កាបេតកានិ អដ្ឋីនិ តានិ ទិស្វាន កា រតិ ។