រឿងមាតាព្រះកុមារកស្សបត្ថេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមាតារបស់ព្រះ កុមារកស្សបត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អត្តា ហិ អត្តនោ នាថោ ជាដើម ។ បានឮមកថា មាតារបស់ព្រះថេរៈនោះ ជាកូនស្រីសេដ្ឋីក្នុងក្រុងរាជគ្រឹះ សូមបព្វជ្ជាហើយ ចាប់តាំងអំពីកាលដែលខ្លួនដឹងក្តី សូម្បីអង្វររឿយៗ ក៏ មិនបានបួសអំពីសំណាក់មាតា និងបិតា ចម្រើនវ័យហើយ ទៅកាន់ត្រកូលប្តី ជាអ្នកមានប្តីដូចទេវតានៅគ្រប់គ្រងផ្ទះហើយ ។ ក្នុងកាលមិនយូរ សត្វកើត ក្នុងគភ៌តាំងឡើងហើយ ក្នុងផ្ទៃរបស់នាង តែនាងមិនជ្រាបភាពដែលគភ៌នោះ តាំងឡើងឡើយ ញ៉ាំងស្វាមីឲ្យត្រេកអរហើយ ទើបសូមបួស ។ គ្រានោះ ស្វាមីនាំនាងទៅកាន់សម្នាក់របស់ភិក្ខុនីដោយសក្ការៈធំ មិនជ្រាបថាមានផ្ទៃពោះ ឲ្យបួសក្នុងសម្នាក់របស់ភិក្ខុនី ដែលជាបក្ខពួករបស់ទេវទត្តហើយ ។ សម័យក្រោយមក នាងត្រូវភិក្ខុនីទាំងនោះដឹងថាមានគភ៌ហើយ សួរថា នេះអ្វីហ្ន៎ ទើបឆ្លើយថា បពិត្រអ្នកនាងម្ចាស់ ខ្ញុំមិនជ្រាបថានេះជាអ្វី តែសីល របស់ខ្ញុំមិនពព្រុស មិនពពាលឡើយ ។ ពួកភិក្ខុនីនាំនាងទៅកាន់សម្នាក់របស់ ទេវទត្តហើយសួរថា ភិក្ខុនីនេះបួសដោយសទ្ធា ពួកខ្ញុំមិនដឹងកាលនៃគភ៌របស់ នាងតាំងឡើង ឥឡូវនេះ ពួកខ្ញុំនឹងធ្វើដូចម្តេច ទេវទត្តភិក្ខុគិតឃើញត្រឹមតែហេតុ បុណ្ណេះថា ការវិនាសកេរ្តឈ្មោះ ចូរកុំកើតឡើងដល់ពួកភិក្ខុនី ដែលធ្វើតាម ឱវាទរបស់យើង ទើបពោលថា ចូរពួកនាងឲ្យស្រីនោះសឹក ភិក្ខុនីនោះស្តាប់ ពាក្យនោះហើយ ពោលថា បពិត្រអ្នកនាងម្ចាស់ សូមកុំធ្វើឲ្យខ្ញុំវិនាសឡើយ ខ្ញុំមិនបានបួសឧទ្ទិសចំពោះលោកម្ចាស់ទេវទត្តឡើយ សូមនាងម្ចាស់ទាំងឡាយ នាំខ្ញុំទៅកាន់វត្តជេតពន ដែលជាសំណាក់របស់ព្រះសាស្តា ភិក្ខុនីទាំ