រឿងទេវទត្តបំបែកសង្ឃ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមដើម្បី បំបែកសង្ឃ ត្រាស់ព្រះធម្មទេសនានេះថា សុករានិ ជាដើម ។ សេចក្តីពិស្តារថា ទេវទត្តភិក្ខុខ្នះខ្នែងដើម្បីបំបែកសង្ឃ ថ្ងៃមួយ ឃើញ ព្រះអានន្ទកំពុងត្រាច់បិណ្ឌបាត ប្រាប់នូវបំណងរបស់ខ្លួនហើយ ។ ព្រះថេរៈ ស្តាប់ហើយ ទៅកាន់សម្នាក់របស់ព្រះសាស្តា បានទូលពាក្យនេះ នឹងព្រះសាស្តា ថា បពិត្រព្រះអង្គ ព្រឹកមិញ ខ្ញុំព្រះអង្គស្លៀកស្បង់ត្រង់ព្រៃបឫស្សី នេះហើយ កាន់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ទេវទត្តឃើញខ្ញុំព្រះអង្គត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះហើយ ចូលទៅរកខ្ញុំព្រះអង្គ បានពោលពាក្យនេះថា អាវុសោអានន្ទ ចាប់តាំងអំពីថ្ងៃនេះទៅ ខ្ញុំនឹងធ្វើ ឧបោសថ និងសង្ឃកម្មបែកអំពីព្រះដ៏មានព្រះភាគ បែកអំពីភិក្ខុសង្ឃ បពិត្រ ព្រះសាស្តា ថ្ងៃនេះ ទេវទត្តនឹងបំបែកសង្ឃ ធ្វើឧបោសថ និងសង្ឃកម្ម ។ កាលព្រះអានន្ទក្រាបទូលយ៉ាងនោះហើយ ព្រះសាស្តាទ្រង់បន្លឺនូវព្រះ ឧទានថា អំពើល្អ មនុស្សល្អ ធ្វើបានដោយងាយ អំពើល្អ មនុស្សអាក្រក់ធ្វើ បានដោយកម្រ អំពើអាក្រក់ មនុស្សអាក្រក់ ធ្វើបានដោយងាយ អំពើអាក្រក់ ពួកព្រះអរិយៈ ធ្វើបានដោយកម្រ ។ ហើយត្រាស់ថា ម្នាលអានន្ទ ឈ្មោះថាកម្មដែលមិនជាប្រយោជន៍ដល់ ខ្លួនធ្វើបានងាយ កម្មដែលជាប្រយោជន៍ដល់ខ្លួន ធ្វើលំបាកពន់ពេក ហើយត្រ ាស់ព្រះគាថានេះថា សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។ កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយ ងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក