រឿងព្រះកាលត្ថេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះកាលត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោ សាសនំ ជាដើម ។ បានឮមកថា ស្រីម្នាក់ក្នុងក្រុងសាវត្ថី តាំងនៅក្នុងនាទីជាមាតា ទំនុកបម្រុង ព្រះថេរៈ ។ ពួកមនុស្សក្នុងផ្ទះនៃបុគ្គលស្និទ្ធស្នាលរបស់ស្រីនោះ ស្តាប់ ធម៌ក្នុងសម្នាក់ព្រះសាស្តាហើយ ត្រឡប់មកកាន់ផ្ទះសរសើរថា ឱ ឈ្មោះថា ព្រះពុទ្ធទាំងឡាយអស្ចារ្យ ឱ ព្រះធម្មទេសនាក៏ពីរោះ ។ ស្រីនោះស្តាប់ពាក្យ របស់មនុស្សទាំងនោះហើយ ទើបប្រាប់ដល់ព្រះកាលៈថា បពិត្រលោកម្ចាស់ ខ្ញុំចង់ស្តាប់ធម៌របស់ព្រះសាស្តា ។ ព្រះថេរៈឃាត់ថា កុំទៅទីនេះឡើយ ។ ស្រី នោះក្នុងថ្ងៃស្អែកឡើងក៏សូមទៀត សូម្បីព្រះកាលៈនោះឃាត់អស់ ៣ ដងក៏ នៅតែចង់ស្តាប់នោះឯង ។ មានពាក្យសួរជ្រៀតចូលមកថា ហេតុអ្វី ទើប ព្រះថេរៈហាម ឆ្លើយថា បានឮថា លោកយល់ឃើញដូច្នេះថា ឧបាសិកានេះ បានស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តាហើយ នឹងបែកអំពីអញ ហេតុនោះ ទើបឃាត់ ។ ថ្ងៃមួយ ស្រីនោះបរិភោគអាហារស្រេច សមាទានឧបោសថហើយ ប្រាប់ កូនស្រីថា ចូរនាងអង្គាសលោកម្ចាស់ឲ្យល្អ ហើយបានទៅកាន់វិហារអំពីព្រលឹម ចំណែកកូនស្រី ក៏អង្គាសព្រះកាលៈដោយផ្ចិតផ្ចង់ ក្នុងកាលព្រះថេរៈមកក៏សួរ ថា ឧបាសិកាធំទៅណា ទារិកាឆ្លើយថា ទៅវិហារដើម្បីស្តាប់ធម៌ ។ គ្រាន់តែ បានឮពាក្យនោះ ញាប់ញ័រព្រោះការតានតឹងតាំងឡើងខាងក្នុង គិតថា ឥឡូវនេះ ឧបាសិកានោះបែកអំពីអញហើយ ម្នីម្នាទៅ ឃើញស្រីនោះស្តាប់ធម៌ក្នុង សម្នាក់ព្រះសាស្តា ទើបទូលព្រះសាស្តាថា បពិត្រព្រះអង្គ ស្រីនេះល្ងង់ខ្លៅ មិនយល់ធម្មកថាដែលល្អិតជ្រាលជ្រៅទេ សូមទ្រង់កុំត្រាស់ធម្មកថាដែលជា បរមត្ថដោយសភាវធម៌ មានខន្ធជាដើមឡើយ ត្រ