អដ្ឋកថា សុទ្ធោទនវត្ថុទី ២

ក្បាលទី 34 · ទំព័រ 7

ក្នុងកាលចប់ទេសនា ភិក្ខុកំលោះនោះតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាបានជាប្រយោជន៍ដល់ជនទាំងឡាយ ដែលប្រជុំគ្នាដូច្នេះឯង ។ រឿង ភិក្ខុកំលោះ ចប់ ៥ រឿង ព្រះបទសុទ្ធោទនៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធព្រះបិតា ត្រាស់ ព្រះធម្មទេសនានេះថា ឧត្តិដ្ឋេ នប្បមជ្ជេយ្យ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ ព្រះសាស្តាយាងទៅកាន់ក្រុងកបិលវត្ថុ ជាលើកទីមួយ មានការទទួលដែលព្រះញាតិទាំងឡាយធ្វើហើយ ។ ទ្រង់ទៅកាន់ និគ្រោធារាម ទ្រង់និម្មិតខ្លួនចង្រ្កមក្នុងអាកាស ចង្រ្កមលើរតនចង្រ្កមនោះ ទ្រង់សម្តែងធម៌ដើម្បីទម្លាយមានះ របស់ពួកញាតិទាំងឡាយហើយ ព្រះញាតិ ទាំងឡាយមានចិត្តជ្រះថ្លាហើយ ថ្វាយបង្គំ ចាប់តាំងអំពីព្រះបាទសុទ្ធោទន មហារាជ ។ ភ្លៀងបោក្ខរព័ស៌ធ្លាក់ក្នុងសមាគមនៃព្រះញាតិនោះ ។ កាល មហាជនប្រារព្ធភ្លៀងនោះ សន្ទនាគ្នាហើយ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភ្លៀងបោក្ខរព័ស៌ក៏ធ្លាក់ក្នុងសមាគមនៃញាតិរបស់តថាគតដូចគ្នា ដូច្នេះហើយ ទើបត្រាស់ វេស្សត្តរជាតក ។ បណ្តាព្រះញាតិដែលស្តាប់ព្រះធម្មទេសនាហើយ ចៀស ចេញទៅ សូម្បីមួយអង្គ ក៏មិននិមន្តព្រះសាស្តា សូម្បីព្រះរាជាក៏ទ្រង់មិន និមន្តឡើយ ដោយទ្រង់ព្រះតម្រិះថា បុត្ររបស់អញ បើមិនមកកាន់ផ្ទះ តើ នឹងទៅណា ដូច្នេះហើយ ក៏យាងទៅ ។ កាលទ្រង់យាងទៅហើយ ឲ្យ មនុស្សតាក់តែងបបរជាដើម ឲ្យក្រាលអាសនៈទាំងឡាយ ដើម្បីភិក្ខុ ប្រមាណ ២ ម៉ឺនរូប ក្នុងព្រះរាជមន្ទីរ ។