អដ្ឋកថា អភយរាជកុមារវត្ថុទី ៤
អភយរាជកុមារនោះ មិនយាងចេញខាងក្រៅ ព្រះរាជដំណាក់ឡើយ សោយសិរីនៃភាពជាព្រះរាជាអស់ ៧ ថ្ងៃ យាងទៅកាន់ កំពង់ទឹកក្នុងថ្ងៃទី ៨ ទ្រង់ស្រង់ហើយ ចូលទៅកាន់ព្រះរាជឧទ្យាន គង់ ប្រថាប់ទតការរាំ និងការច្រៀងរបស់ស្រីនោះ ដូចសន្តតិមហាមាត្យដែរ ។ ក្នុងខណៈនោះឯង ស្ត្រីនោះក៏បានធ្វើកាលកិរិយា ដោយអំណាចគំនរខ្យល់ ដ៏មុតដូចសស្រ្តា ដូចអ្នករបាំរបស់សន្តតិមហាមាត្យដែរ ព្រះរាជកុមារមាន សេចក្តីសោកកើតឡើងហើយ ព្រោះកាលកិរិយារបស់ស្រីរបាំនោះ ទ្រង់ព្រះតម្រិះ ថា អ្នកដទៃវៀរព្រះសាស្តាចេញ មិនអាចឲ្យសេចក្តីសោករបស់អញ នេះ រម្ងាប់បានឡើយ ដូច្នេះហើយ ទើបចូលទៅគាល់ព្រះសាស្តា ក្រាបទូល ថា បពិត្រព្រះអង្គ សូមទ្រង់ឲ្យសេចក្តីសោករបស់ខ្ញុំព្រះអង្គរលត់ចុះ ។ ព្រះសាស្តា ទ្រង់លួងលោមព្រះរាជកុមារនោះហើយ ត្រាស់ថា កុមារ ប្រមាណនៃទឹកភ្នែកទាំងឡាយដែលអ្នកយំ ក្នុងកាលដែលស្រីនេះស្លាប់ហើយ យ៉ាងនេះ ឲ្យប្រព្រឹត្តទៅហើយ រមែងមិនមានក្នុងសង្សារ ដែលមិនមាន ទីបំផុតខាងដើម ទ្រង់ជ្រាបភាពដែលសេចក្តីសោក មានសភាពធូរស្រាល ព្រោះទេសនានោះហើយ ទើបត្រាស់ថា ម្នាលកុមារ អ្នកកុំសោកឡើយ សេចក្តីនោះ ជាឋានៈដែលលិចចុះរបស់ជនពាលទាំងឡាយ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។ អ្នកទាំងឡាយ ចូរមកមើលលោកនេះដ៏ត្រកាល ដូច រាជរថ ជនពាលទាំងឡាយ រមែងលិចលង់ក្នុងលោក ណា សេចក្តីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ ពីរបទថា ឯថ បស្សថ ព្រះសាស្តាត្រាស់ សំដៅយកព្រះរាជកុមារនោះឯង ។