អដ្ឋកថា អង្គុលិមាលត្ថេរវត្ថុទី ៦
កាល នោះឯង ព្រះអង្គុលីមាលទៅហើយក្នុងទីស្ងាត់ សម្ងំនៅសោយវិមុត្តិសុខហើយ បន្លឺឧទាននេះ ក្នុងកាលមុនថា បុគ្គលណាប្រមាទហើយ ក្នុងកាលមុន ខាងក្រោយ មិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកឲ្យភ្លឺស្វាង ដូចព្រះចន្ទរួចហើយ អំពីពពក ដូច្នោះ ។ កាលបន្លឺឧទានហើយ ក៏បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។ ភិក្ខុ ទាំងឡាយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោ ព្រះថេរៈកើតហើយក្នុងទីណា ហ្ន៎ ព្រះសាស្តាយាងមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញ ពួកអ្នកអង្គុយប្រជុំគ្នាដោយពាក្យសម្តីដូចម្តេចហ្ន៎ កាលភិក្ខុទាំងឡាយ ក្រាបទូលថា ដោយពាក្យប្រារព្ធដល់ទីដែលកើតរបស់អង្គុលីមាលត្ថេរ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុត្ររបស់តថាគតបរិនិព្វានហើយ កាលភិក្ខុ ទាំងឡាយក្រាបទូលថា ព្រះអង្គុលីមាលត្ថេរ សម្លាប់មនុស្សមានប្រមាណ បុណ្ណេះ បរិនិព្វានហើយឬ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះឯង ព្រោះអង្គុលីមាលនោះ បាននូវបាបមិត្រ ទើបធ្វើនូវបាបមានប្រមាណបុណ្ណេះ ក្នុងកាលមុន តែខាងក្រោយ អង្គុលីមាលបាននូវកល្យាណមិត្រជាបច្ច័យ ទើប ជាបុគ្គលមិនប្រមាទ ហេតុនោះ បាបកម្មនោះ ដែលបុត្ររបស់តថាគតលះ បានហើយ ដោយកុសល ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា យស្ស បបំ កតំ កម្មំ កុសលេន បិថីយតិ សោ មំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ បុគ្គលណាធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះ ដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទរះផុតចាក ពពក ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា កុសលេន ព្រះសាស្តាត្រាស់សំដៅយក អរហត្តមគ្គ ពាក្យដ៏សេស មានអត្ថងាយយល់ទាំងអស់ហើយ ។