អដ្ឋកថា បេសការធីតាវត្ថុទី ៧
ព្រះសាស្តា កាល ទ្រង់ធ្វើអនុមោទនាក្នុងពេលស្រេចភត្តកិច្ច ទើបត្រាស់ថា អ្នកទាំងឡាយ ចូរ ចម្រើនមរណស្សតិយ៉ាងនេះថា ជីវិតរបស់យើងមិនស្ថិតស្ថេរ ការស្លាប់របស់ យើងទៀង យើងគប្បីស្លាប់ពិត ជីវិតរបស់យើងមានសេចក្តីស្លាប់ជាទីបំផុត ជីវិតរបស់យើងមិនទៀង ការស្លាប់ទៀង ។ មរណៈដែលជនទាំងឡាយណា មិនចម្រើនហើយ ក្នុងកាលទីបំផុត ជនទាំងឡាយនោះ ដល់នូវការតក់ស្លុត ស្រែកគួរឲ្យខ្លាច ធ្វើនូវកាលកិរិយា ដូចបុរសឃើញអាសិរពិសហើយ ភ័យ ខ្លាច ដូច្នោះ ចំណែកមរណៈដែលជនទាំងឡាយណាបានចម្រើនហើយ ជន ទាំងឡាយនោះ រមែងមិនតក់ស្លុត ក្នុងកាលជាទីបំផុត ដូចបុរសឃើញ អាសិរពិសអំពីចម្ងាយ ហើយយកកំណាត់ឈើឆ្កឹះចោល ហើយឈរ ដូច្នោះ ព្រោះដូច្នោះ មរណស្សតិ អ្នកទាំងឡាយ គប្បីចម្រើន ។ ពួកជនដ៏សេសស្តាប់ធម្មទេសនានោះហើយ បានជាអ្នកខ្វល់ខ្វាយក្នុងកិច្ច របស់ខ្លួនតែម្យ៉ាង ចំណែកធីតារបស់ជាងតម្បាញ អាយុ ១៦ ឆ្នាំម្នាក់គិតថា ឱ ធម្មតាវាចារបស់ព្រះពុទ្ធទាំងឡាយអស្ចារ្យ អញចម្រើនមរណស្សតិ ទើប គួរ ដូច្នេះហើយ ក៏ចម្រើនមរណស្សតិតែម្យ៉ាង អស់ថ្ងៃ និងយប់ ។ ចំណែក ព្រះសាស្តា យាងចេញអំពីក្រុងអាឡវីហើយ ដល់វត្តជេតពន កុមារិកានោះ ចម្រើនមរណស្សតិអស់ ៣ ឆ្នាំនោះឯង ។ សម័យមួយ ព្រះសាស្តាប្រមើល មើលលោកក្នុងពេលជិតភ្លឺ ទ្រង់ឃើញនាងកុមារិកានោះ ចូលក្នុងសំណាញ់ គឺព្រះញាណ ទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ជ្រាបថា កុមារិកានេះ ចម្រើនមរណស្សតិអស់ ៣ ឆ្នាំហើយ តាំងអំពីថ្ងៃដែលបានស្តាប់ធម៌របស់ តថាគត ។