អដ្ឋកថា ចិញ្ចមាណវិកាវត្ថុទី ៩
ពួកតិរ្ថិយ ជាបុគ្គលដូចគ្នានឹងពន្លឺអំពិលអំពែក ក្នុងកាលដែលព្រះអាទិត្យរះឡើង ជាអ្នកសាបសូន្យលាភសក្ការៈ ។ ពួកតិរ្ថិយ ទាំងនោះឈរត្រង់ចន្លោះផ្លូវ ប្រកាសឲ្យពួកមនុស្សដឹងច្បាស់យ៉ាងនេះថា ព្រះសមណ គោតមបុណ្ណោះឬជាព្រះពុទ្ធ ពួកយើងក៏ជាព្រះពុទ្ធ ទានដែលគេឲ្យហើយ ដល់ព្រះសមណគោតមនោះបុណ្ណោះឬ មានផលច្រើន ទានដែលគេឲ្យហើយ ដល់ពួកយើងទាំងឡាយ ក៏មានផលច្រើនដូចគ្នា អ្នកទាំងឡាយចូរឲ្យ ចូរធ្វើ ដល់យើងទាំងឡាយខ្លះ ដូច្នេះហើយ បានលាភសក្ការៈហើយ ប្រជុំគ្នាក្នុងទី ស្ងាត់ថា ពួកយើងគប្បីញ៉ាំងទោសឲ្យកើតឡើងដល់ព្រះសមណគោតម ក្នុង រវាងមនុស្សទាំងឡាយ គប្បីញ៉ាំងលាភសក្ការៈឲ្យវិនាសដោយឧបាយដូចម្តេច ហ្ន៎ កាលនោះ ក្នុងក្រុងសាវត្ថី មានបរិព្វាជិកាម្នាក់ ឈ្មោះចិញ្ចមាណវិកាជា អ្នកទ្រទ្រង់នូវរូបឆោម ដល់នូវការក្រៃលែងដោយសម្រស់ ដូចទេពអប្សរ ដូច្នោះ រស្មីរមែងផ្សាយចេញអំពីសរីរៈរបស់ស្ត្រីនោះ ។ លំដាប់នោះ តិរ្ថិយដែលជាអ្នកឈ្លាសវៃម្នាក់ពោលយ៉ាងនេះថា យើង ទាំងឡាយ អាស្រ័យនាងចិញ្ចមាណវិកា គប្បីញ៉ាំងទោសឲ្យកើតឡើងដល់ ព្រះសមណគោតម ញ៉ាំងលាភសក្ការៈឲ្យវិនាសបាន ។ តិរ្ថិយទាំងនោះទទួល ថា ឧបាយនេះមាន ។ បន្ទាប់មក នាងចិញ្ចមាណវិកានោះទៅកាន់អារាមរបស់ តិរ្ថិយ ថ្វាយបង្គំហើយឈរ ពួកតិរ្ថិយមិនពោលជាមួយនាងសោះ ទើបគិត ថា អញមានទោសអ្វីហ្ន៎ សូម្បីពោលអស់វារៈ ៣ ដងថា លោកម្ចាស់ទាំងឡាយ ខ្ញុំថ្វាយបង្គំ ដូច្នេះហើយ ទើបពោលថា លោកម្ចាស់ទាំងឡាយ ខ្ញុំមាន ទោសអ្វីឬ ព្រោះហេតុអ្វី ទើបលោកម្ចាស់ទាំងឡាយមិននិយាយជាមួយខ្ញុំ ។