អដ្ឋកថា អានន្ទត្ថេរបញ្ហវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 125

ព្រះថេរៈចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយទូលសួររឿងនោះ ព្រះសាស្តា ត្រាស់ថា អានន្ទ ឈ្មោះថាបុរសអាជានេយ្យ រមែងមិនកើតក្នុងទីទួទៅ តែកើតឡើងក្នុងទីដែលជាមជ្ឈិមប្រទេស វាស់ដោយបណ្តោយ ៣០០ យោជន៍ ដោយជុំវិញ ៩០០ យោជន៍ កាលកើតឡើង ក៏រមែងមិនកើតឡើងក្នុងត្រកូល សាមញ្ញ រមែងកើតឡើងក្នុងត្រកូលខត្តិយមហាសាល និងព្រាហ្មណមហាសាល ត្រកូលណាមួយបុណ្ណោះ ដូច្នេះហើយ ត្រាស់គាថានេះថា ទុល្លភោ បុរិសាជញ្ញោ ន សោ សព្វត្ថ ជាយតិ យត្ថ សោ ជាយតិ ធីរោ តំ កុលំ សុខមេធតិ ។ បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុង សព្វស្ថានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូល ណា ត្រកូលនោះ តែងដល់នូវសេចក្តីសុខ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ទុល្លភោ ជាដើម សេចក្តីថា បុរសអាជានេយ្យ ជាបុគ្គលដែលរកបានដោយកម្រ គឺមិនរកបានងាយដូចដំរីអាជានេយ្យ ជាដើមឡើយ ។ បុរសអាជានេយ្យនោះ រមែងមិនកើតក្នុងទីទួទៅ ក្នុងបច្ចត្តបទេស ឬក្នុងត្រកូលទាបឡើយ តែរមែងកើតក្នុងត្រកូលណាមួយ បណ្តា ត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍ ក្នុងទីដែលជាទីធ្វើសក្ការៈ មានអភិវាទជាដើម នៃមហាជនក្នុងមជ្ឈិមប្រទេសបុណ្ណោះ បុរសអាជានេយ្យនោះជាអ្នកប្រាជ គឺជាអ្នកមានបញ្ញាដ៏ឧត្តម បានដល់ ព្រះសម្មាសម្ពុទ្ធ ដែលនឹងកើតយ៉ាងនោះ រមែងកើតក្នុងត្រកូលណាមួយនោះ រមែងដល់នូវសេចក្តីសុខ គឺរមែងជាត្រកូល ដែលសម្រេចសេចក្តីសុខពិត ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង បញ្ញារបស់ព្រះអានន្ទ ចប់