សុខវគ្គទី ១៥
យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមាន ពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ ។ យើង ជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ។ យើងជាអ្នកមិនមាន សេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមាន សេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមាន សេចក្តីខ្វល់ខ្វាយ ។ យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត ( ព្រោះ ) យើងមាន បីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។ បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។ ភ្លើង ស្មើដោយរាគៈ មិនមាន ទោសកំហុស ស្មើដោយទោសៈ មិន មាន ទុក្ខទាំងឡាយ ស្មើដោយខន្ធ មិនមាន សុខ ក្រៅពីសេចក្តីស្ងប់ មិនមាន ។ សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខ យ៉ាងក្រៃលែង ( អ្នកប្រាជ ) ដឹងច្បាស់សេចក្តីនុ៎ះតាមពិតហើយ ( រមែង ធ្វើឲ្យច្បាស់ ) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។ លាភ មានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យ មានសេចក្តី សន្តោស ជាយ៉ាងក្រៃលែង ញាតិ មានសេចក្តីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។ ភិក្ខុផឹករសវិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់កិលេសផង ផឹករស បីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្តីក្រវល់ក្រវាយ មិនមាន សេចក្តីស្មៅហ្មងឡើយ ។