កោសលរញ្ញោ បរាជយវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 143

រឿង បរាជ័យរបស់ព្រះបទកោសល លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបរាជ័យរបស់ ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះថា ជយំ វេរំ ជាដើម ។ បានឮថា ព្រះបាទកោសលនោះ ទ្រង់អាស្រ័យកាសិកគាម ច្បាំងជាមួយនឹង ព្រះបាទអជាតសត្តុដែលជាម្ចាស់ក្មួយ ដែលព្រះបាទអជាតសត្តុនោះ ឲ្យចាញ់ ៣ ដង ក្នុងលើកទី ៣ ទ្រង់ព្រះតម្រិះថា អញមិនអាចញ៉ាំងកូនក្មេង ដែលមាត់មិនទាន់បាត់ធុំទឹកដោះឲ្យចាញ់បាន ប្រយោជន៍អ្វីដោយការរស់នៅ របស់អញ ព្រះរាជាទ្រង់អត់អាហារ ផ្ទំលើព្រះទែន ។