អដ្ឋកថា កោសលរញ្ញោ បរាជយវត្ថុទី ៣
កាលនោះ ការ ប្រព្រឹត្តទៅរបស់ព្រះរាជា វឹកវរពេញព្រះនគរ ។ ភិក្ខុទាំងឡាយ ក្រាបទូល ដល់ព្រះសាស្តាថា បពិត្រព្រះអង្គ បានឮថា ព្រះរាជាទ្រង់អាស្រ័យកាសិកគាម ដែលព្រះបាទអជាតសត្តុ ឲ្យបរាជ័យហើយអស់ ៣ ដង ឥឡូវនេះ ទ្រង់បរាជ័យត្រឡប់មកហើយ ទ្រង់មិនសោយអាហារ ផ្ទំលើព្រះទែន ដោយ ព្រះតម្រិះថា អញមិនអាចញ៉ាំងក្មេង ដែលមាត់មិនទាន់បាត់ធុំទឹកដោះឲ្យ ចាញ់បាន ប្រយោជន៍អ្វីដោយការរស់នៅរបស់អញ ។ ព្រះសាស្តា ទ្រង់ស្តាប់កថារបស់ភិក្ខុទាំងនោះហើយត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ អ្នកឈ្នះរមែងមានពៀរ អ្នកចាញ់រមែងដេកជាទុក្ខ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។ បុគ្គលអ្នកឈ្នះតែងរងនូវពៀរ បុគ្គលអ្នកចាញ់តែងដេក ជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញ ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ជយំ សេចក្តីថា អ្នកឈ្នះជនដទៃ រមែង ត្រឡប់បាននូវពៀរ ។ បទថា បរាជិតោ សេចក្តីថា អ្នកដែលបុគ្គលដទៃឲ្យ ចាញ់ហើយ រមែងរងនូវទុក្ខ គឺលំបាកក្នុងឥរិយាបថទាំងពួងនោះឯង ដោយ គិតថា ក្នុងកាលណាហ្ន៎ អញអាចឃើញខ្នង ( គឺដេញពីក្រោយ ) របស់ បច្ចាមិត្ត ។ បទថា ឧបសន្តោ សេចក្តីថា ព្រះខីណាស្រព ជាអ្នកមានកិលេស គឺ រាគៈជាដើមខាងក្នុងស្ងប់ហើយ លះនូវការឈ្នះ និងការចាញ់បាន តែងនៅជា សុខ គឺរមែងនៅដោយសប្បាយក្នុងឥរិយាបថទាំងពួង ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង បរាជ័យរបស់ព្រះបទកោសល ចប់