អញ្ញតរកុលទារិកាវត្ថុទី ៤
រឿង ស្រីក្នុងត្រកូលណាមួយ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុមារិកាម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា នត្ថិ រាគសមោ អគ្គិ ជាដើម ។ បានឮថា មាតារបស់កុមារិកានោះធ្វើអាវាហមង្គល និមន្តព្រះសាស្តាក្នុង ថ្ងៃមង្គល ព្រះសាស្តាកាលភិក្ខុហែហមយាងទៅក្នុងទីនោះប្រថាប់គង់ហើយ ។ កូនក្រមុំនោះឯងត្រងទឹកជាដើម ដើម្បីពួកភិក្ខុដើរទៅដើរមក ស្វាមីរបស់នាង បានឈរសម្លឹងមើលហើយដោយអំណាចនៃរាគៈ កិលេសខាងក្នុងផ្សាយឡើង ត្រូវសេចក្តីមិនដឹងគ្របសង្កត់ហើយ ទើបមិនបម្រើព្រះសម្ពុទ្ធ មិនបម្រើព្រះមហា ថេរៈ ៨០ តែបានធ្វើទុកក្នុងចិត្តថា អញនឹងលាដៃចាប់ស្រីនោះ ។ ព្រះសាស្តា ទតឃើញអធ្យាស្រ័យរបស់បុរសនោះហើយ បានធ្វើមិនឲ្យបុរសនោះ ឃើញស្រីនោះ ។ បុរសនោះ មិនឃើញស្រីនោះ ទើបបានឈរសម្លឹងព្រះសាស្តា ក្នុងកាលដែលឈរនោះឯង ព្រះសាស្តាត្រាស់ថា នែកុមារ ឈ្មោះ ថា ភ្លើង ដូចគ្នានឹងភ្លើង គឺរាគៈ មិនមាន ឈ្មោះថា ទោស ដូចគ្នានឹងទោស គឺទោសៈ មិនមាន ឈ្មោះថា ទុក្ខ ដូចគ្នានឹងទុក្ខព្រោះថែរក្សាខន្ធ មិនមាន សុខ ស្មើដោយព្រះនិព្វានមិនមានដូចគ្នា ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា នត្ថិ រាគសមោ អគ្គិ នត្ថិ ទោសសមោ កលិ នត្ថិ ខន្ធសមា ទុក្ខា នត្ថិ សន្តិបរំ សុខំ ។ ភ្លើង ស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយ ទោសៈ មិនមាន ទុក្ខទាំងឡាយ ស្មើដោយខន្ធ មិនមាន សុខ ក្រៅពីសេចក្តីស្ងប់មិនមាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា នត្ថិ រាគសមោ សេចក្តីថា ឈ្មោះថា ភ្លើង ដទៃស្មើដោយរាគៈដែលមិនមានផ្សែង អណ្តាត រងើក ឆេះខាងក្នុងបុណ្ណោះ ហើយទើបធ្វើគំនរផេះ រមែងមិនមាន ។ បទថា កលិ សេចក្តីថា សូម្បីទោសស្មើដោយទោសៈរមែងម