អដ្ឋកថា បសេនទិកោសលវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 150

រឿង ឧបសកម្នាក់ ចប់ ៥ រឿង ព្រះបទបសេនទិកោសល លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបាទបសេនទិកោសល ត្រាស់ព្រះធម្មទេសនានេះថា អារោគ្យបរមា លាភា ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ ព្រះរាជាសោយព្រះក្រយាហារទាំង នាឡិនៃអង្ករ ដោយសូបៈ និងព្យញ្ជនៈដ៏សមគួរ ដល់ព្រះក្រយាហារនោះ ។ ថ្ងៃមួយ ព្រះរាជាសោយព្រះក្រយាហារព្រឹកហើយ មិនទាន់បន្ទោបង់សេចក្តី ស្រវឹងក្នុងភត្ត យាងទៅកាន់សម្នាក់របស់ព្រះសាស្តា មានព្រះរូបធាត់ ទ្រង់ ប្រែប្រួលទៅឆ្វេងទៅស្តាំ ត្រូវងងុយគ្របសង្កត់ កាលមិនអាចផ្ទំត្រង់បាន ទើបប្រថាប់គង់ក្នុងចំណែកម្ខាង ។ គ្រានោះ ព្រះសាស្តាត្រាស់នឹងព្រះរាជាថា មហាបពិត្រ ទ្រង់មិនទាន់សម្រាកហើយយាងមកឬ ព្រះរាជាត្រាស់ថា បពិត្រ ព្រះអង្គ យ៉ាងនោះឯង តាំងអំពីពេលបរិភោគហើយ ខ្ញុំព្រះអង្គមានទុក្ខច្រើន ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះរាជាថា មហាបពិត្រ ការបរិភោគ ច្រើនជាទុក្ខយ៉ាងនេះ ដូច្នេះហើយ ទ្រង់ទូន្មានដោយព្រះគាថានេះថា ក្នុងកាលណា បុគ្គលជាអ្នកបរិភោគច្រើន ច្រើនដោយការងងុយ និងការដេកលក់ រសាប់រសល់ ដូចជ្រូកធំដែលគេចិញ្ចឹមដោយ អាហារ ក្នុងកាលនោះ បុគ្គលនោះ រមែងងោកងក់ រមែងចូល បន្ទប់រឿយៗ ។ ហើយទ្រង់ត្រាស់បន្តថា មហាបពិត្រ ការបរិភោគភោជនតែល្មម ប្រមាណ ទើបគួរ ព្រោះអ្នកបរិភោគល្មមប្រមាណ រមែងមានសេចក្តីសុខ កាលទ្រង់ទូន្មានឲ្យក្រៃលែង ទើបត្រាស់គាថានេះថា បុគ្គលមានសតិគ្រប់កាល ដឹងប្រមាណក្នុងភោជន ដែលបាន ហើយនោះ មានវេទនាស្រាល អាហារដែលបរិភោគហើយ ចិញ្ចឹមអាយុ រលួយសន្សឹមៗ ទៅ ។