អដ្ឋកថា វិសាខាវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 174

ដោយសម័យដទៃ កុមារិកានោះបានធ្វើកាលកិរិយាហើយ នាងវិសាខា ឲ្យធ្វើការកប់សរីរៈនាងហើយ មិនអាចអត់ធន់សេចក្តីសោកបាន មានទុក្ខ ទោមនស្ស ទៅកាន់សម្នាក់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ លំដាប់នោះ ព្រះសាស្តាត្រាស់ថា ម្នាលនាងវិសាខា ហេតុអ្វីទើបនាង មានទុក្ខទោមនស្ស មានមុខជោកដោយទឹកភ្នែក អង្គុយទ្រហោយំ ទើបនាង ទូលសេចក្តីនោះ ហើយក្រាបទូលថា បពិត្រព្រះអង្គ កុមារិកានោះជាទីស្រឡាញ់ របស់ខ្ញុំម្ចាស់ ជាអ្នកសម្បូរដោយវត្ត ឥឡូវនេះខ្ញុំម្ចាស់មិនបានឃើញអ្នកណា ដែលមានសភាពដូច្នោះ ។ ព្រះសាស្តាត្រាស់ថា ម្នាលនាងវិសាខា ក្នុងក្រុង សាវត្ថីមានមនុស្សប្រមាណបុនណា នាងវិសាខាទូលថា បពិត្រព្រះអង្គ ទ្រង់ នោះឯងត្រាស់ដល់ខ្ញុំម្ចាស់ថា ក្នុងក្រុងសាវត្ថីមានមនុស្ស ៧ កោដិ ។ ព្រះសាស្តាត្រាស់ថា បើជនមានប្រមាណបុណ្ណេះ បុគ្គលដូចជាចៅស្រី របស់នាងសោត នាងគប្បីប្រាថ្នាឬ នាងវិសាខាទូលថា បពិត្រព្រះអង្គ យ៉ាង នោះឯង ព្រះសាស្តាត្រាស់ថា ជនក្នុងក្រុងសាវត្ថីដែលធ្វើកាលកិរិយាមួយថ្ងៃ បុន្មាន នាងវិសាខាទូលថា បពិត្រព្រះអង្គ ច្រើនណាស់ ព្រះសាស្តាត្រាស់ថា បើដូច្នេះ ពេលដែលនាងសោយសោក ក៏មិនគប្បីមានមិនមែនឬ នាងដើរយំ ក្នុងពេលយប់ និងពេលថ្ងៃឬ នាងវិសាខាទូលថា បពិត្រព្រះអង្គ សូមលើក ទុកចុះ ខ្ញុំម្ចាស់ជ្រាបហើយ ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងនាងថា បើដូច្នោះ នាងកុំសោយសោក សេចក្តីសោកក្តី ការខ្លាចក្តី រមែងកើតអំពីសេចក្តីស្រឡាញ់ ដូច្នេះ ហើយ ទើបត្រាស់គាថានេះថា បេមតោ ជាយតី សោកោ បេមតោ ជាយតី ភយំ បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។