អដ្ឋកថា លិច្ឆវីវត្ថុទី ៤
ព្រះសាស្តាចូលទៅ បិណ្ឌបាត ទ្រង់ឃើញស្តេចលិច្ឆវីទាំងនោះ ទើបត្រាស់ហៅភិក្ខុទាំងឡាយ មកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរពួកអ្នកមើលពួកស្តេចលិច្ឆវី ជនណាមិនធ្លាប់ឃើញទេវតាជាន់តាវត្តិង្ស ក៏ចូរមើលស្តេចលិច្ឆវីទាំងនោះចុះ ដូច្នេះហើយ យាងចូលទៅកាន់នគរ ។ ស្តេចលិច្ឆវីទាំងនោះ កាលទៅកាន់ឧទ្យាន នាំស្រីនគរសោភិនីម្នាក់ អាស្រ័យស្រីនោះ ត្រូវសេចក្តីច្រណែនគ្របសង្កត់ហើយ ប្រហារគ្នានិងគ្នា ញ៉ាំងឈាមឲ្យហូរដូចស្ទឹង ។ គ្រានោះ ពួកភ្នាក់ងារយកគ្រែសែងស្តេចលិច្ឆវីទាំងនោះមកហើយ ។ ចំណែកព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ក៏យាងចេញអំពីព្រះនគរ ។ ពួកភិក្ខុឃើញស្តេចលិច្ឆវី ដែលភ្នាក់ងារនាំទៅយ៉ាងនោះ ទើបក្រាបទូលព្រះសាស្តា ថា បពិត្រព្រះអង្គ ពួកស្តេចលិច្ឆវីកាលអំពីព្រលឹម ប្រដាប់តាក់តែង ហើយ ចេញអំពីព្រះនគរដូចពួកទេវតា ឥឡូវនេះ អាស្រ័យស្រីម្នាក់ ដល់ នូវសេចក្តីវិនាសនេះហើយ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីសោកក្តី ភ័យក្តី កាល កើតរមែងកើតអាស្រ័យសេចក្តីត្រេកអរនោះឯង ដូច្នេះហើយ ត្រាស់ព្រះគាថា នេះថា រតិយា ជាយតី សោកោ រតិយា ជាយតី ភយំ រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។ សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើ រួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យ នឹងមានមកអំពីណា ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា រតិយា សេចក្តីថា តែការត្រេកអរក្នុង កាមគុណ ៥ គឺព្រោះអាស្រ័យសេចក្តីត្រេកអរក្នុងកាមគុណ ៥ នោះ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ស្តេចលិច្ឆវី ចប់