អដ្ឋកថា អនិត្ថិគន្ធកុមារវត្ថុទី ៥
កុមារនោះចម្រើនវ័យហើយ កាលមាតាបិតាពោលថា នែបា អញធ្វើ អាវាហមង្គលដល់អ្នក ក៏ឃាត់ថា ខ្ញុំមិនត្រូវការដោយស្រី កាលត្រូវអង្វរ រឿយៗ ទើបឲ្យហៅជាងមាស ៥០០ នាក់ ហើយឲ្យមាសទឹកដប់ មួយពាន់ និក្ខៈ ឲ្យធ្វើជារូបស្រីយ៉ាងស្អាត គួរជ្រះថ្លាពន់ពេក កាលមាតាបិតាពោល ទៀតថា នែបា កាលបាមិនធ្វើអាវាហមង្គល ត្រកូលវង្សនឹងតាំងនៅមិនបាន អញនឹងនាំកុមារិកាមកឲ្យ ក៏ពោលថា បើដូច្នោះ បើលោកទាំងពីរនាំកុមារិកា ដែលមានសភាពដូច្នោះមកឲ្យខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកទាំងពីរ ដូច្នេះ ហើយ ទើបបង្ហាញរូបមាសនោះ ។ លំដាប់នោះ មាតាបិតាឲ្យពួកព្រាហ្មណ៍មានឈ្មោះល្បីមក ហើយប្រាប់ ថា កូនរបស់ខ្ញុំមានបុណ្យច្រើន គង់មានកុមារិកាធ្វើបុណ្យជាមួយបុត្រនេះពិត ចូរពួកអ្នកទៅ ចូរនាំយករូបមាសនេះទៅហើយ នាំនាងកុមារិកាដែលមានរូប ដូច្នេះមក ដូច្នេះហើយ បញ្ជូនព្រាហ្មណ៍ទាំងនោះទៅ ។ ព្រាហ្មណ៍ទាំងនោះ ទទួលថា សាធុ ត្រាច់ចារិកទៅដល់សាគលនគរ ក្នុងដែនមទ្ទៈ ។ ក្នុងនគរនោះ មានកុមារិកាម្នាក់មានរូបស្អាត មានអាយុ ១៦ ឆ្នាំ មាតាបិតា ឲ្យនាងនៅត្រង់ផ្ទៃប្រាសាទខាងលើជាន់ទី ៧ ព្រាហ្មណ៍ទាំងនោះឯងគិតគ្នា ថា បើក្នុងនគរនេះមានកុមារិកាបែបនេះ ជនទាំងឡាយឃើញរូបមាសនេះហើយក៏ នឹងពោលថា រូបសូននេះ ដូចកូនស្រីរបស់ត្រកូលឈ្មោះនោះ ដូច្នេះហើយ ទើបតម្កល់រូបមាសនោះទុកត្រង់ផ្លូវទៅកាន់កំពង់ទឹក អង្គុយយាមក្នុងចំណែក ម្ខាង ។ លំដាប់នោះ ស្រីមេដោះម្នាក់របស់កុមារិកានោះ ឲ្យកុមារិកានោះងូតទឹក ហើយ ប្រាថ្នានឹងងូតឯងម្តង ទើបចុះកាន់កំពង់ទឹក ឃើញរូបនោះសម្គាល់ថា ជាកូនស្រីរបស់អញ ទើបពោលថា ឱ ហងក្បាលរឹង អញឲ្យងូតទឹកហើយ ចេញមកអម្បាញ់មិញនេះឯង ហងមកទីនេះមុនអញ ដូច