រឿងព្រះនាងរោហិណី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធព្រះនាងរោហិណី ត្រាស់ព្រះធម្មទេសនានេះថា កោធំ ជហេ ជាដើម ។ បានឮថា គ្រាមួយ ព្រះអនុរុទ្ធបានទៅកាន់ក្រុងកបិលពស្តុ មួយអន្លើ ដោយភិក្ខុ ៥០០ កាលនោះ ពួកព្រះញាតិរបស់លោក បានដំណឹងថាព្រះថេរៈ និមន្តមក ទើបទៅកាន់សម្នាក់ព្រះថេរៈ វៀរតែប្អូនស្រីរបស់ព្រះថេរៈ ឈ្មោះ រោហិណី ។ ព្រះថេរៈសួរពួកព្រះញាតិថា ព្រះនាងរោហិណីនៅឯណា ពួក ព្រះញាតិប្រាប់ថា បពិត្រលោកម្ចាស់ នៅក្នុងដំណាក់ ព្រះថេរៈសួរថា ហេតុ អ្វីទើបមិនយាងមក ពួកញាតិប្រាប់ថា ព្រះនាងមិនអាចមកដោយខ្មាស ព្រោះថា រោគសើស្បែកកើតត្រង់សរីរៈរបស់នាង ។ ព្រះថេរៈពោលថា ចូរអ្នកទាំងឡាយយាងព្រះនាងមកចុះ ឲ្យទៅយាង ព្រះនាងមកហើយ ទើបពោលយ៉ាងនេះនឹងព្រះនាង ដែលយាងមកហើយថា រោហិណី ហេតុអ្វីទើបព្រះនាងមិនយាងមក ព្រះនាងរោហិណីប្រាប់ថា បពិត្រ លោកម្ចាស់ រោគស្បែកកើតឡើងត្រង់សរីរៈរបស់ខ្ញុំ ហេតុនោះទើបខ្ញុំមិនបាន មកព្រោះខ្មាស ព្រះថេរៈប្រាប់ថា បើព្រះនាងធ្វើបុណ្យមិនគួរឬ ព្រះនាងរោហិណី សួរថា បពិត្រលោកម្ចាស់ តើធ្វើអ្វី ព្រះថេរៈពោលថា ចូរសាងរោងឆាន់ ព្រះនាង រោហិណីសួរថា ខ្ញុំនឹងយកអ្វីធ្វើ ព្រះថេរៈប្រាប់ថា គ្រឿងប្រដាប់របស់នាង មិនមានឬ ព្រះនាងរោហិណីពោលថា បពិត្រលោកម្ចាស់ មាន ព្រះថេរៈសួរ ថា តម្លៃបុនណា ព្រះនាងរោហិណីទូលថា មានតម្លៃមួយម៉ឺន ។ ព្រះថេរៈពោល ថា បើដូច្នោះ ចូរលក់គ្រឿងប្រដាប់នោះឲ្យសាងរោងឆាន់ចុះ ។ ព្រះនាងរោហិណីពោលថា បពិត្រលោកម្ចាស់ អ្នកណានឹងធ្វើឲ្យខ្ញុំ ។ ព្រះថេរៈសម្លឹងមើលញាតិដែលឈរក្នុងទីជិតហើយ ពោលថា ចូរជាភារៈ របស់ពួកអ្នកទាំងឡាយចុះ ។ ពួកព្រះញាតិពោលថា បពិត្រលោក