អញ្ញតរភិក្ខុវត្ថុទី ២

ក្បាលទី 34 · ទំព័រ 205

រឿង ភិក្ខុមួយរូប លំនាំដើម ព្រះសាស្តា កាលគង់នៅត្រង់អគ្គាឡវចេតិយ ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា យោ វេ ឧប្បតិតំ កោធំ ជាដើម ។ សេចក្តីពិស្តារ ព្រះសាស្តា កាលទ្រង់អនុញ្ញត្តសេនាសនៈដល់ភិក្ខុសង្ឃ ហើយ កាលសេនាសនៈទាំងឡាយ ដែលគ្រហស្ថទាំងឡាយ មានសេដ្ឋីអ្នកក្រុង រាជគ្រឹះជាដើមកំពុងឲ្យសាង ភិក្ខុក្រុងអាឡវីមួយរូប ធ្វើសេនាសនៈ របស់ខ្លួន ឃើញដើមឈើដែលពេញចិត្តមួយដើមហើយ ផ្តើមនឹងកាប់ ទេវតា កូនខ្ចីមួយអង្គ រូបកើតត្រង់ដើមឈើនោះ ពកូនដោយចង្កេះឈរអង្វរថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់កុំកាប់វិមានរបស់ខ្ញុំឡើយ ខ្ញុំមិនមាន លំនៅ មិនអាចពកូនត្រាច់ ទៅកាន់ទីផ្តេសផ្តាសបានឡើយ ។