អដ្ឋកថា ឧត្តរាឧបាសិកាវត្ថុទី ៣
អនុបុព្វីកថាក្នុងរឿងឧត្តរាឧបាសិកានោះដូចតទៅនេះ បានឮថា អ្នកកម្សត់ទុគ៌តឈ្មោះបុណ្ណៈ អាស្រ័យសុមនសេដ្ឋី ស៊ីឈ្នួល ចិញ្ចឹមជីវិត នៅក្នុងក្រុងរាជគ្រឹះ ។ ក្នុងផ្ទះរបស់បុណ្ណៈ មានមនុស្សពីរនាក់ បុណ្ណោះគឺ ភរិយារបស់គេម្នាក់ និងធីតាឈ្មោះឧត្តរាម្នាក់ ។ សម័យមួយ ពួករាជបុរសធ្វើនូវការឃោសនាក្នុងក្រុងរាជគ្រឹះថា អ្នក នគរគប្បីលេងនក្ខត្តឫក្សអស់ ៧ ថ្ងៃ ។ សុមនសេដ្ឋី បានឮពាក្យឃោសនា នោះហើយ ទើបហៅបុណ្ណៈមកអំពីព្រលឹមពោលថា នែបា បរិជនរបស់ខ្ញុំបំណង នឹងលេងនក្ខត្តឫក្ស អ្នកនឹងលេងនក្ខត្តឫក្សដែរឬ ឬទៅធ្វើការស៊ីឈ្នួល បុណ្ណមាណពពោលថា បពិត្រលោកម្ចាស់ ឈ្មោះថា ការលេងនក្ខត្តឫក្ស ជា របស់ពួកអ្នកមានទ្រព្យ ក្នុងផ្ទះរបស់ខ្ញុំ អង្ករសម្រាប់ដាំបាយ ដើម្បីទទួល ទានក្នុងថ្ងៃស្អែកនេះក៏មិនមាន ។ ខ្ញុំត្រូវការអ្វីដោយនក្ខត្តឫក្ស ខ្ញុំបានគោហើយក៏ នឹងទៅភ្ជួរស្រែ ។ សុមនសេដ្ឋីពោលថា បើដូច្នោះ ចូរឯងទទួលគោទៅចុះ ។ បុណ្ណមាណពបានទទួលគោដែលមានកម្លាំង និងនង្គ័លហើយនិយាយ នឹង ភរិយាថា នាងដ៏ចម្រើន អ្នកនគរលេងនក្ខត្តឫក្ស ខ្ញុំត្រូវទៅធ្វើការងារស៊ី ឈ្នួល ព្រោះយើងជាមនុស្សក្រីក្រ ថ្ងៃនេះ នាងគប្បីស្ងោរបន្លែពីរចំណែក ហើយនាំភត្តទៅឲ្យខ្ញុំ រួចទៅស្រែ ។ ក្នុងកាលនោះ ព្រះសារីបុត្តត្ថេរ ចូលនិរោធសមាបត្តិ ៧ ថ្ងៃហើយ ក្នុង ថ្ងៃនោះ ចេញហើយ ពិនិត្យមើលថា ថ្ងៃនេះ អាត្មាអញគួរប្រោសដល់អ្នកណា ហ្ន៎ ឃើញបុណ្ណមាណពចូលក្នុងសំណាញ់ញាណរបស់ខ្លួនហើយ ពិចារណាថា បុណ្ណៈនេះមានសទ្ធាឬហ្ន៎ គេអាចសង្គ្រោះដល់អាត្មាអញដែរឬទេ ជ្រាបភាពដែលគេមានសទ្ធា អាចធ្វើការសង្គ្រោះបាន ហើយគេបានទទួល សម្បត្តិធំ ព្រោះបុណ្យនោះជាបច្ច័យហើយ ទ