អដ្ឋកថា បុណ្ណទាសីវត្ថុទី ៦
ក្នុងសម័យនោះ ព្រះទព្វមល្លបុត្តជាអ្នកចាត់ចែងសេនាសនៈ ដើម្បីភិក្ខុ ទាំងឡាយ លោកញ៉ាំងម្រាមដៃឲ្យភ្លឺដើម្បីភិក្ខុទាំងឡាយ ដែលស្តាប់ធម៌ហើយ ទៅកាន់សេនាសនៈរៀងៗ ខ្លួន និម្មិតភិក្ខុទាំងឡាយទៅខាងមុខ ដើម្បីប្រយោជន៍ ដល់ការបង្ញាញផ្លូវ ។ នាងបុណ្ណា ឃើញភិក្ខុទាំងឡាយត្រាច់ទៅលើភ្នំដោយ ពន្លឺនោះទើបគិតថា អញត្រូវទុក្ខរបស់ខ្លួនបៀតបៀនទើបដេកមិនលក់ សូម្បី ក្នុងពេលនេះ ព្រោះហេតុអ្វី ទើបលោកម្ចាស់ទាំងឡាយមិនសិង ដូច្នេះហើយ កំណត់ក្នុងចិត្តដោយខ្លួនឯងថា ការមិនផាសុកនឹងមានដល់ភិក្ខុរូបខ្លះ ឬព្រោះ ឧបទ្ទវហេតុព្រោះពស់ នឹងមានក្នុងទីនោះពិត ក្រោកឡើងអំពីព្រលឹមខ្ចប់កន្ទក់ ដែលសើមដោយទឹកហើយ ធ្វើនំលើបាតដៃ អាំងលើរងើកភ្លើង ដាក់ក្នុងថ្នក់ គិតថា នឹងបរិភោគនំត្រង់ផ្លូវដែលទៅកាន់កំពង់ទឹក ទើបកាន់យកក្អមដើរបែរ មុខទៅកាន់កំពង់ទឹក ។ ព្រះសាស្តា ក៏យាងទៅតាមផ្លូវនោះដូចគ្នាដើម្បីចូលស្រុក នាងឃើញ ព្រះសាស្តាហើយគិតថា ក្នុងថ្ងៃដទៃៗ សូម្បីអញជួបព្រះសាស្តា ទេយ្យធម៌ របស់អញក៏មិនមាន កាលទេយ្យធម៌មាន អញមិនជួបព្រះសាស្តា ឥឡូវនេះ ទេយ្យធម៌របស់អញក៏មាន ទាំងព្រះសាស្តាក៏ប្រាកដចំពោះមុខ បើទ្រង់មិន គិតថា ទានរបស់អញសៅហ្មង ឬប្រណីត ហើយគប្បីទទួលសោត អញ គប្បីថ្វាយនំនេះ ដូច្នេះហើយ ទើបដាក់ក្អមក្នុងចំណែកម្ខាង ថ្វាយបង្គំព្រះសាស្តា ក្រាបទូលថា បពិត្រព្រះអង្គ សូមទ្រង់ទទួលទានដែលសៅហ្មងនេះ ធ្វើនូវការសង្គ្រោះដល់ខ្ញុំម្ចាស់ចុះ ។