អដ្ឋកថា មលវគ្គទី ១៨
គាត់ធ្វើកម្មរបស់អ្នកសម្លាប់គោយ៉ាងនេះអស់ ៥៥ ឆ្នាំ មិន បានថ្វាយយាគូ និងភត្ត សូម្បីត្រឹមតែមួយវែកក្នុងមួយថ្ងៃដល់ព្រះសាស្តា ដែល ប្រថាប់នៅក្នុងវិហារជិត ។ គាត់បើគ្មានសាច់ មិនបរិភោគភត្ត ។ ថ្ងៃមួយ គាត់លក់សាច់ក្នុងពេលថ្ងៃហើយ ឲ្យដុំសាច់មួយដុំដល់ភរិយាដើម្បីអាំង ជា ប្រយោជន៍ដល់ខ្លួន ហើយទៅងូតទឹក ។ លំដាប់នោះ សម្លាញ់របស់គាត់មកកាន់ផ្ទះហើយ និយាយនឹងភរិយាថា នែនាង ចូរឲ្យសាច់ដែលគប្បីលក់ដល់ខ្ញុំបន្តិច ព្រោះភ្ញៀវមកឯផ្ទះខ្ញុំ ។ ភរិយាគោឃាតកៈពោលថា សាច់ដែលគប្បីលក់មិនមាន សម្លាញ់របស់ អ្នកលក់សាច់ហើយ ឥឡូវនេះ ទៅងូតទឹក ។ សម្លាញ់នោះពោលថា កុំធ្វើយ៉ាងនេះឡើយ បើដុំសាច់មាន ចូរឲ្យចុះ ។ ភរិយាគោឃាតកៈពោលថា វៀរដុំសាច់ដែលខ្ញុំទុកដើម្បីសម្លាញ់របស់អ្នក ហើយសាច់ដទៃមិនមាន ។ បុរសនោះគិតថា សាច់ដទៃក្រៅអំពីសាច់ដែល ស្រីនេះទុកដើម្បីប្រយោជន៍ដល់សម្លាញ់របស់អញមិនមាន ម្យ៉ាងទៀត សម្លាញ់ របស់អញនោះវៀរសាច់នេះ មិនបរិភោគ ស្រីនេះនឹងមិនឲ្យ ទើបកាន់យក សាច់នោះដោយខ្លួនឯង ចៀសចេញទៅ ។