អដ្ឋកថា តិស្សត្ថេរវត្ថុទី ៣
ក្នុងកាលចប់ទេសនា ព្រាហ្មណ៍តាំងនៅក្នុងសោតាបត្តិផលហើយ ទេសនា មានប្រយោជន៍ដល់មហាជនហើយ ដូច្នេះឯង ។ រឿង ព្រាហ្មណ៍ម្នាក់ ចប់ ៥ រឿង ព្រះតិស្សត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ឈ្មោះ តិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អយសាវ មលំ សមុដ្ឋិតំ ជាដើម ។ បានឮមកថា កុលបុត្រអ្នកក្រុងសាវត្ថីម្នាក់ បានបួស ឧបសម្បទាហើយ ប្រាកដឈ្មោះថា ព្រះតិស្សៈ ។ សម័យតមក ព្រះតិស្សៈនោះចាំវស្សាក្នុង វិហារក្នុងជនបទ បានសំពត់សាច់គ្រោតគ្រាតប្រមាណ ៨ ហត្ថ ចាំវស្សា បវារណាហើយ កាន់យកសំពត់នោះទៅដាក់ក្បែរដៃបងស្រី បងស្រីនោះ ត្រិះរិះថា សំពត់សាដកនេះមិនសមគួរដល់ប្អូនប្រុសអញ ហើយកាត់សំពត់ នោះ ដោយកាំបិតដ៏មុត ធ្វើឲ្យជាកំណាត់តូចធំ គ្រលុកក្នុងត្បាល់ ជជុះ សិត ខារ រវៃឲ្យជាអំបោះល្អិត ត្បាញជាសំពត់សាដកហើយ ។ ឯព្រះថេរៈក៏ចាត់ចែងអំបោះ និងម្ជុល និមន្តភិក្ខុកំលោះ និងសាមណេរ ដែលធ្វើចីវរឲ្យប្រជុំគ្នាហើយ ទៅកាន់សម្នាក់បងស្រីពោលថា សូមបងឲ្យសំពត់ សាដកនោះដល់អាត្មាៗ នឹងធ្វើចីវរ ។ បងស្រីនោះ នាំសំពត់សាដកប្រមាណ ៩ ហត្ថ មកដាក់ក្បែរដៃរបស់ ព្រះថេរៈប្អូនប្រុស ។ លោកទទួលសំពត់សាដកនោះ មកពិចារណាហើយ ពោលថា សំពត់សាដករបស់អាត្មាសាច់គ្រោតគ្រាត ប្រមាណ ៨ ហត្ថ សំពត់នេះ សាច់ល្អិតប្រមាណ ៩ ហត្ថ សំពត់នេះ មិនមែនសំពត់សាដក របស់អាត្មាទេ ជាសំពត់សាដកបងស្រី អាត្មាមិនត្រូវការសំពត់នេះ ចូរបង ស្រីឲ្យសំពត់សាដកផ្ទាំងនោះដល់អាត្មាចុះ ។