អដ្ឋកថា អញ្ញតរកុលបុត្តវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 266

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះលោឡុទាយិត្ថេរ ចប់ ៥ រឿង កុលបុត្រម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុលបុត្រម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា មលិត្ថិយា ទុច្ចរិតំ ជាដើម ។ បានឮមកថា មាតា និងបិតានាំកុលធីតាមានជាតិស្មើគ្នា ដើម្បីកុលបុត្រ នោះ ។ នាងបានជាស្រីអ្នកប្រព្រឹត្តក្រៅចិត្តប្តី តាំងអំពីថ្ងៃដែលនាំមកហើយ កុលបុត្រនោះខ្មាស ព្រោះការប្រព្រឹត្តក្រៅចិត្តរបស់នាង មិនអាចចូលដល់នូវ ការជួបមុខដល់បុគ្គលណាម្នាក់ វៀរលែងកុសលកម្ម មានការទំនុកបម្រុងព្រះ សម្ពុទ្ធជាដើម ដោយកាលកន្លងទៅ ២-៣ ថ្ងៃ ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ ព្រះសាស្តាត្រាស់ សួរថា ឧបាសក ព្រោះហេតុអ្វី ទើបតថាគតមិនឃើញអ្នក ឧបាសកក្រាប ទូលសេចក្តីនោះហើយ ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងកុលបុត្រនោះថា ឧបាសក ក្នុងកាល មុន តថាគតបានពោលហើយថា ឈ្មោះថា ស្ត្រីទាំងឡាយ ដូចគ្នានឹងស្ទឹង ជាដើម បណ្ឌិតមិនគួរធ្វើសេចក្តីក្រោធក្នុងស្ត្រីទាំងនោះ តែអ្នកចាំមិនបាន ព្រោះអន្តរភពបិទបាំង កាលកុលបុត្រនោះអារាធនាហើយ ត្រាស់ជាតកឲ្យ ពិស្តារថា ស្ទឹង ផ្លូវ រោងសុរា រោងជាទីប្រជុំ និងអណ្តូងទឹក យ៉ាងណា ធម្មតាពួកស្រីក្នុងលោក ក៏យ៉ាងនោះដែរ វេលា ( នៃសេចក្តី ស្រើបក្នុងកាម ) របស់ពួកស្រីទាំងនោះ មិនមានឈប់ឈរទេ ។