អដ្ឋកថា មេណ្ឌកសេដ្ឋិវត្ថុទី ១០

ក្បាលទី 34 · ទំព័រ 287

ក្នុងកាលចប់ទេសនា ឧបាសកដែលស្តាប់ធម៌ដោយគោរពនោះ តាំងនៅក្នុង សោតាបត្តិផលហើយ ។ ព្រះធម្មទេសនាមានប្រយោជន៍ដល់ជនដែលប្រជុំគ្នា ហើយ ដូច្នោះឯង ។ រឿង ឧបសក ៥ នាក់ ចប់ ៥ រឿង មេណ្ឌកសេដ្ឋី លំនាំដើម ព្រះសាស្តា កាលទ្រង់អាស្រ័យភទ្ទិយនគរ ប្រថាប់នៅក្នុងជាតិយាវ័ន គឺព្រៃម្លិះ ទ្រង់ប្រារព្ធមេណ្ឌកសេដ្ឋី ត្រាស់ព្រះធម្មទេសនានេះថា សុទស្សំ វជ្ជមញ្ញេសំ ជាដើម ។ បានឮថា ព្រះសាស្តា កាលចារិកទៅក្នុងអង្គុត្តរាបថជនបទទាំងឡាយ ទ្រង់ឃើញឧបនិស្ស័យសោតាបត្តិផលរបស់មនុស្សទាំងនេះ គឺមេណ្ឌកសេដ្ឋី ភរិយារបស់សេដ្ឋីនោះ ឈ្មោះនាងចន្ទបទុមា ១ កូនប្រុសឈ្មោះ ធនញ្ជយសេដ្ឋី ១ កូនប្រសាស្រី ឈ្មោះនាងសុមនទេវី ១ ចៅស្រីឈ្មោះ វិសាខា ១ ទាសៈ ឈ្មោះបុណ្ណៈ ១ ទើបយាងទៅកាន់ភទ្ទិយនគរ ប្រថាប់ នៅក្នុងជាតិយាវ័ន ។ មេណ្ឌកសេដ្ឋីបានស្តាប់ការយាងមករបស់ព្រះសាស្តា ហើយ ។ សួរថា ព្រោះហេតុអ្វី ទើបសេដ្ឋីឈ្មោះថាមេណ្ឌកៈ ឆ្លើយថា បានឮថា ពពែមាសទាំងឡាយ ប្រមាណបុនដំរី សេះ និងគោឧសភ ជ្រែកផែនដី យក ខ្នងទល់គ្នាផុសឡើងក្នុងទីប្រមាណ ៨ ករីស ក្រោយផ្ទះរបស់សេដ្ឋីនោះ ។ បុញ្ញកម្មដាក់ដុំអំបោះ ៥ ពណ៌ ក្នុងមាត់របស់ពពែទាំងនោះ ។ កាលសេចក្តី ត្រូវការដោយភេសជ្ជៈ មានសប្បិ ប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម ឬដោយ វត្ថុ មានសំពត់ គ្រឿងដណ្តប់ ប្រាក់ និងមាសជាដើម ជនទាំងឡាយតែង នាំដុំអំបោះចេញអំពីមាត់របស់ពពែទាំងនោះ សប្បិ ប្រេង ទឹកឃ្មុំ ទឹកអំពៅ សំពត់ គ្រឿងបិទបាំង ប្រាក់ និងមាស រមែងហូរចេញអំពីមាត់ពពែនីមួយៗ គ្រប់គ្រាន់ ដល់មនុស្សក្នុងជម្ពូទ្វីប ។