ឧជ្ឈានសញ្ញិត្ថេរវត្ថុ ទី ១១

ក្បាលទី 34 · ទំព័រ 301

រឿង ព្រះឧជ្ឈានសញ្ញិត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈមួយរូប ឈ្មោះឧជ្ឈានសញ្ញី ត្រាស់ព្រះធម្មទេសនានេះថា បរវជ្ជានុបស្សិស្ស ជាដើម ។ បានឮថា ព្រះថេរៈនោះដើររំពៃតែទោស របស់ភិក្ខុទាំងឡាយបុណ្ណោះ ថា ភិក្ខុនេះរមែងស្លៀកយ៉ាងនេះ ភិក្ខុនេះរមែងដណ្តប់យ៉ាងនេះ ពួកភិក្ខុក្រាប ទូលដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ព្រះថេរៈឈ្មោះនោះរមែងធ្វើយ៉ាងនេះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុតាំងនៅក្នុងកតិកា ពោលប្រៀន ប្រដៅយ៉ាងនេះ បុគ្គលមិនគួរតិះដៀល ចំណែកភិក្ខុណាស្វែងរកទោសរបស់ អ្នកដទៃ ព្រោះបំណងនឹងលើកទោស ពោលយ៉ាងនេះហើយត្រាច់ទៅ បណ្តា គុណវិសេសមានឈានជាដើម គុណវិសេសណាមួយ រមែងមិនកើតឡើងដល់ ភិក្ខុនោះ អាសវៈទាំងឡាយបុណ្ណោះ តែងចម្រើនតែម្យ៉ាង ដូច្នេះហើយ ទើប ត្រាស់ព្រះគាថានេះថា បរវជ្ជានុបស្សិស្ស និច្ចំ ឧជ្ឈានសញ្ញិនោ អាសវា តស្ស វឌ្ឍន្តិ អារា សោ អាសវក្ខយា ។