អដ្ឋកថា សុភទ្ទបរិព្វាជកវត្ថុទី ១២)
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះឧជ្ឈានសញ្ញិត្ថេរ ចប់ ៥ រឿង សុភទ្ទបរិព្វាជក លំនាំដើម ព្រះសាស្តាផ្ទំហើយ លើព្រះទែនដែលជាទីបរិនិព្វាន ក្នុងសាលវ័នរបស់ មល្លក្សត្រទាំងឡាយ ដែលជាទីសម្រាកក្បែរនគរកុសិនារា ទ្រង់ប្រារព្ធបរិព្វាជក ឈ្មោះសុភទ្ទ ត្រាស់ព្រះធម្មទេសនានេះថា អាកាសេវ បទំ នត្ថិ ជាដើម ។ បានឮថា ក្នុងអតីតកាល សុភទ្ទបរិព្វាជកនោះ កាលប្អូនប្រុសឲ្យទាន ដ៏ប្រសើរដល់ទៅ ៩ ដង ក្នុងសម្ទូងមួយរដូវ មិនប្រាថ្នានឹងឲ្យ រួញរាហើយ បានឲ្យក្នុងកាលជាទីបំផុត ។ ព្រោះដូច្នោះ ទើបមិនបានគាល់ព្រះសាស្តា ទាំងនៅក្នុងបឋមពោធិកាល ទាំងក្នុងមជ្ឈិមពោធិកាល តែក្នុងបច្ឆិមពោធិកាល ក្នុងកាលដែលបរិនិព្វានរបស់ ព្រះសាស្តា គិតថា អញសួរសេចក្តីសង្ស័យរបស់ខ្លួនក្នុង ៣ បញ្ញានឹងបរិព្វាជក ទាំងឡាយដែលជាមនុស្សចាស់ មិនសួរនឹងព្រះសមណគោតម ដោយសម្គាល់ ថាជាក្មេង ឥឡូវនេះ ជាកាលបរិនិព្វានរបស់ព្រះសមណគោតមនោះ វិប្បដិសារី គប្បីកើតដល់អញ ក្នុងកាលជាក្រោយ ព្រោះហេតុមិនសាកសួរព្រះសមណគោតម ហើយចូលទៅគាល់ព្រះសាស្តា សូម្បីត្រូវព្រះអានន្ទត្ថេរឃាត់ ចូលទៅ ខាងក្នុងវាំងនន ព្រោះភាពដែលព្រះសាស្តាទ្រង់ឲ្យឱកាសហើយ ត្រាស់ថា អានន្ទ អ្នកកុំឃាត់សុភទ្ទឡើយ ចូរសុភទ្ទសួរបញ្ញាជាមួយតថាគត ទើបអង្គុយ ក្បែរគ្រែ ទូលសួរបញ្ញាទាំងនេះថា បពិត្រព្រះសមណៈ ឈ្មោះថា ស្នាម ជើងក្នុងអាកាសមានឬហ្ន៎ ឈ្មោះថា សមណៈខាងក្រៅសាសនានេះមានឬ សង្ខារទាំងឡាយ ឈ្មោះថា ទៀង មានឬ ។