ធម្មដ្ឋវគ្គទី ១៩
បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយហេតុណា ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គល ណា ជាបណ្ឌិតកាត់សេចក្តីទាំង ២ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំ ជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ ( ដល់ ទោស ) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រាជ្ញារក្សាធម៌ ទើបហៅថា តាំងនៅក្នុងធម៌ ។ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុនណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គល ដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុនណា ឈ្មោះថា ជា អ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយ នាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គល ណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ។ បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយនោះ មិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការ សង្រួមផង ការទូន្មានខ្លួនផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នក មានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។ បុគ្គលមានសេចក្តីបឫស្យា មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យ ( ល្អ ) ឬ ដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្ត ក៏មិនទាន់បានទេ ។