អដ្ឋកថា អដ្ឋកថា (វិនិច្ឆយមហាមត្តវត្ថុទី ១
រឿង មហាមាត្យអ្នកវិនិច្ឆ័យក្តី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមហាមាត្យអ្នក វិនិច្ឆ័យ ត្រាស់ព្រះធម្មទេសនានេះថា ន តេន ហោតិ ធម្មដ្ឋោ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ពួកភិក្ខុត្រាច់បិណ្ឌបាតក្នុងស្រុកក្បែរទ្វារទិស ឧត្តរនៃនគរសាវត្ថី ត្រឡប់អំពីបិណ្ឌបាតហើយ មកកាន់វិហារកាត់តាមត្រង់ កណ្តាលព្រះនគរ ខណៈនោះ ពពកខ្មៅធំតាំងឡើង ញ៉ាំងភ្លៀងឲ្យធ្លាក់ហើយ ។ ភិក្ខុទាំងនោះ ចូលទៅកាន់សាលាសម្រាប់វិនិច្ឆ័យក្តី ដែលតាំងនៅចំពោះមុខ ឃើញពួកមហាមាត្យ ដែលវិនិច្ឆ័យទទួលសំណូកហើយ ធ្វើម្ចាស់ទ្រព្យមិនឲ្យ ជាម្ចាស់ទ្រព្យ ទើបគិតថា ឱ អមាត្យទាំងនេះមិនតាំងនៅក្នុងធម៌ តែពួកយើង មានសេចក្តីសម្គាល់ថា មហាមាត្យទាំងនេះធ្វើការវិនិច្ឆ័យដោយធម៌ កាលភ្លៀង រាំងហើយ មកដល់វិហារ ថ្វាយបង្គំព្រះសាស្តា អង្គុយក្នុងទីបំផុត នា ចំណែកម្ខាងហើយ ក្រាបទូលសេចក្តីនោះ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអមាត្យអ្នកវិនិច្ឆ័យ ជា អ្នកធ្លាក់នៅក្នុងអំណាចអគតិ មានឆន្ទាគតិជាដើម សម្រេចសេចក្តីដោយ រួសរាន់ មិនឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ចំណែកពួកដែលសាកសួរនូវ កំហុសហើយ កាត់ក្តី ដោយភាពល្អិតល្អន់តាមសមគួរដល់កំហុសនោះឯង ជាបុគ្គលឈ្មោះថាតាំងនៅក្នុងធម៌ ដូច្នេះហើយ បានត្រាស់ព្រះគាថា ទាំងនេះថា ន តេន ហោតិ ធម្មដ្ឋោ យេនត្ថំ សហសា នយេ យោ ច អត្ថំ អនត្ថញ្ច ឧភោ និច្ឆេយ្យ បណ្ឌិតោ ។