អដ្ឋកថា ហត្ថកវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 322

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ភិក្ខុច្រើនរូប ចប់ ៥ រឿង ភិក្ខុឈ្មោះ ហត្ថកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុឈ្មោះហត្ថកៈ ត្រាស់ព្រះធម្មទេសនានេះថា ន មុណ្ឌកេន សមណោ ជាដើម ។ បានឮថា ភិក្ខុនោះនិយាយអួតពោលថា លោកទាំងឡាយគប្បីទៅកាន់ ទីឈ្មោះនោះ ក្នុងកាលនោះយើងនឹងធ្វើវាទៈ ហើយទៅក្នុងទីនោះមុន ពោល ពាក្យទាំងឡាយជាដើមថា មើលចុះលោកទាំងឡាយ ពួកតិរ្ថិយមិនមក ព្រោះខ្លាចខ្ញុំ នេះឯងជាការចាញ់របស់ពួកតិរ្ថិយទាំងនោះ ដើរពោលអួតទៅ បិទបាំងពាក្យដទៃដោយពាក្យដទៃ ។ ព្រះសាស្តាទ្រង់ឮថា ភិក្ខុឈ្មោះហត្ថកៈធ្វើយ៉ាងនោះ ហើយត្រាស់ឲ្យ ហៅលោកមកសួរថា ហត្ថកៈ បានឮថា អ្នកធ្វើយ៉ាងនោះពិតឬ កាលលោក ក្រាបទូលថា បពិត្រព្រះអង្គ ពិតមែន ទើបត្រាស់ថា ព្រោះហេតុអ្វី ទើបអ្នកធ្វើ យ៉ាងនោះ ព្រោះថា បុគ្គលធ្វើមុសាវាទបែបនោះ នឹងឈ្មោះថាជាសមណៈ ព្រោះហេតុត្រឹមតែមានក្បាលត្រងោលជាដើមបុណ្ណោះក៏ទេ ចំណែកបុគ្គលណា ញ៉ាំងបាបតូច និងបាបធំ ឲ្យស្ងប់ហើយ តាំងនៅ បុគ្គលនោះឯង ឈ្មោះថា សមណៈ ដូច្នេះហើយ បានត្រាស់ព្រះគាថាទាំងនេះថា ន មុណ្ឌកេន សមណោ អព្វតោ អលិកំ ភណំ ឥច្ឆាលោភសមាបន្នោ សមណោ កឹ ភវិស្សតិ ។ យោ ច សមេតិ បបនិ អណុំថូលានិ សព្វសោ សមិតត្តា ហិ បបនំ សមណោតិ បវុច្ចតិ ។ បុគ្គលមិនបានឈ្មោះថាជាសមណៈ ព្រោះភាពជាអ្នកមានក្បាល ត្រងោលទេ បុគ្គលអ្នកមិនមានសីលវត្ត និងធុតង្គវត្ត ពោល តែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និងលោភៈ ឈ្មោះថា ជាសមណៈដូចម្តេចបាន ។