អដ្ឋកថា អញ្ញតរព្រាហ្មណវត្ថុទី ៧
បទថា សមេតិ សេចក្តី ថា ចំណែកបុគ្គលណា ញ៉ាំងបាបតូច ឬបាបធំឲ្យស្ងប់ បុគ្គលនោះ ព្រះសាស្តា ត្រាស់ថា ជាសមណៈ ព្រោះញ៉ាំងបាបទាំងនោះឲ្យស្ងប់ហើយ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ភិក្ខុឈ្មោះហត្ថកៈ ចប់ ៥ រឿង ព្រាហ្មណ៍ម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ន តេន ភិក្ខុ សោ ហោតិ ជាដើម ។ បានឮថា ព្រាហ្មណ៍នោះបួសក្នុងលទ្ធិខាងក្រៅ ត្រាច់ភិក្ខា គិតថា ព្រះសមណ គោតម ហៅសាវ័ករបស់ខ្លួនដែលត្រាច់ភិក្ខាថា ភិក្ខុ ការដែលព្រះសមណ គោតមហៅអញថា ភិក្ខុ ក៏គួរ ។ គាត់ចូលទៅរកព្រះសាស្តាទូលថា បពិត្រព្រះគោតម ខ្ញុំក៏ត្រាច់ភិក្ខាចិញ្ចឹមជីវិត សូមទ្រង់ហៅខ្ញុំថា ភិក្ខុ ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ តថាគតមិនហៅថាភិក្ខុព្រោះត្រឹមតែសូមគេនោះឡើយ ព្រោះបុគ្គលសមាទាន ធម៌ដែលជាពិសហើយប្រព្រឹត្ត ឈ្មោះថាជាភិក្ខុមិនបានឡើយ ឯបុគ្គលណា ប្រព្រឹត្តទៅដោយពិចារណាសង្ខារទាំងពួង បុគ្គលនោះឈ្មោះថាជាភិក្ខុ ដូច្នេះ ហើយ បានត្រាស់ព្រះគាថាទាំងនេះថា ន តេន ភិក្ខុ សោ ហោតិយា វតា ភិក្ខតេ បរេ វិសំ ធម្មំ សមាទាយ ភិក្ខុ ហោតិ ន តាវតា ។ យោធ បុញ្ញញ្ច បបញ្ច ពាហេត្វា ព្រហ្មចរិយវា សង្ខាយ លោកេ ចរតិ ស វេ ភិក្ខូតិ វុច្ចតិ ។ បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមនោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុ ដោយហេតុ ត្រឹមតែការដើរសូមបុណ្ណោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ