ទុក្ខលក្ខណវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 343

រឿង ភិក្ខុ ៥០០ ដទៃទៀត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ៥០០ រូប ត្រាស់ព្រះធម្មទេសនានេះថា សព្វេ សង្ខារា ជាដើម ។ បានឮមកថា ភិក្ខុទាំងនោះរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ សូម្បី ព្យាយាមក្នុងព្រៃក៏មិនសម្រេចអរហត្ត ទើបគិតថា ពួកយើងនឹងរៀនកម្មដ្ឋាន ឲ្យវិសេស ដូច្នេះហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។