អនត្តលក្ខណវត្ថុទី ៤
ប្រាប់សេចក្តីនោះ ។ នាងវិសាខាមកកាន់សម្នាក់របស់ភិក្ខុកំលោះហើយ ពោល ថា បពិត្រលោកម្ចាស់ កុំក្រោធឡើយ ពាក្យនោះ មិនជាពាក្យធ្ងន់សម្រាប់ លោកម្ចាស់ទេ បុគ្គលមានសក់ និងក្រចកកាត់ហើយ មានសំពត់ដណ្តប់ កាត់ដាច់ហើយ កាន់អំបែងដែលកាត់ត្រង់កណ្តាល ត្រាច់ទៅដើម្បីភិក្ខា ។ ភិក្ខុកំលោះពោលថា អើ ឧបាសិកា នាងរមែងដឹងភាពដែលអាត្មាជាអ្នកមាន សក់កាត់ដាច់ហើយជាដើម ការដែលចៅរបស់នាងជេរអាត្មាថា មនុស្សដាច់ ក្បាលដូច្នេះ គួរឬ នាងវិសាខាមិនអាចឲ្យភិក្ខុកំលោះយល់ព្រមផង មិនអាច ឲ្យនាងទារិកាយល់ព្រមផង ខណៈនោះ ព្រះថេរៈមកហើយ សួរថា តើមាន រឿងអ្វី ឧបាសិកា ស្តាប់សេចក្តីនោះហើយ កាលពោលប្រៀនប្រដៅភិក្ខុ កំលោះ ទើបពោលថា អាវុសោ ចូរលោកចៀសចេញទៅ ស្រីនេះ មិនបាន ជេរចំពោះលោក ដែលមានសក់ ក្រចក និងសំពត់កាត់ដាច់ហើយ ជាអ្នក មានអំបែងកាត់ត្រង់កណ្តាល ត្រាច់ទៅដើម្បីភិក្ខា ចូរលោកនៅស្ងៀម ភិក្ខុ កំលោះពោលថា យ៉ាងនោះឯង លោកម្ចាស់ លោកម្ចាស់មិនគំរាមឧបដ្ឋាយិកា របស់ខ្លួន គំរាមខ្ញុំតែម្យ៉ាង ការដែលនាងជេរខ្ញុំថា មនុស្សដាច់ក្បាល គួរឬ ។ ខណៈនោះ ព្រះសាស្តាយាងមក ត្រាស់សួរថា ម្នាលនាងវិសាខា តើមាន រឿងអ្វី នាងវិសាខាក្រាបទូលព្រឹត្តិហេតុនោះ តាំងអំពីដើមដល់ចប់ ។ ព្រះសាស្តា ទ្រង់ឃើញឧបនិស្ស័យនៃសោតាបត្តិផលរបស់ភិក្ខុកំលោះ នោះហើយ ទើបទ្រង់ព្រះតម្រិះថា តថាគតអនុលោមតាមភិក្ខុកំលោះនេះគួរ ដូច្នេះហើយ ទើបត្រាស់នឹងនាងវិសាខាថា ម្នាលនាងវិសាខា ទារិការបស់នាង