សូករបេតវត្ថុទី ៦
ក្បាលទី 34 · ទំព័រ 350
រឿង សូករប្រេត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសូករប្រេត ត្រាស់ ព្រះធម្មទេសនានេះថា វាចានុរក្ខី ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះមហាមោគ្គល្លាន ចុះអំពីភ្នំគិជ្ឈកុដិជាមួយ ព្រះលក្ខណៈ បានធ្វើការញញឹមក្នុងទីមួយកន្លែង កាលព្រះលក្ខណៈ សួរថា អាវុសោ ព្រោះហេតុអ្វីហ្ន៎ ជាហេតុនៃការញញឹមឲ្យប្រាកដ ក៏ពោល ថា អាវុសោ កាលនេះមិនមែនជាកាលនៃការសួរបញ្ញានេះ ចូរលោកសួរក្នុង សម្នាក់របស់ព្រះសាស្តា ដូច្នេះហើយ ត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះជាមួយ ព្រះលក្ខណត្ថេរនោះឯង ត្រឡប់អំពីបិណ្ឌបាតហើយ ទៅកាន់វត្តវេឡុវ័ន ថ្វាយបង្គំ ព្រះសាស្តាហើយអង្គុយ ។