អដ្ឋកថា សូករបេតវត្ថុទី ៦
គ្រានោះ ព្រះលក្ខណៈសួរសេចក្តីនោះ លោកក៏ពោលថា អាវុសោ ខ្ញុំ ឃើញប្រេតមួយ សរីរៈរបស់ប្រេតនោះប្រមាណ ៣ គាវុត សរីរៈនោះស្រដៀង នឹងរាងកាយរបស់មនុស្ស ចំណែកក្បាលដូចក្បាលរបស់ជ្រូក កន្ទុយដុះចេញ អំពីមាត់ ពួកដង្កូវហូរចេញអំពីមាត់នោះ ខ្ញុំគិតថា ខ្ញុំមិនធ្លាប់ឃើញសត្វមាន រូបយ៉ាងនេះ កាលឃើញប្រេតនោះហើយ ទើបធ្វើការញញឹមឲ្យប្រាកដ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ករបស់តថាគតមាន ចក្ខុហ្ន៎ ហើយត្រាស់ថា សូម្បីតថាគតក៏បានឃើញសត្វនោះ ត្រង់មណ្ឌលនៃ ពោធិព្រឹក្សដូចគ្នា តែមិននិយាយដោយអនុគ្រោះដល់ជនដទៃថា ជនពួកណា មិនគប្បីជឿតថាគត ការមិនជឿនោះ គប្បីមានកម្មដែលមិនជាប្រយោជន៍ដល់ ជនទាំងនោះ ។ ឥឡូវនេះ តថាគតបានមោគ្គល្លានជាសាក្សីទើបពោល ម្នាល ភិក្ខុទាំងឡាយ មោគ្គល្លាននិយាយពិត ។ ភិក្ខុទាំងឡាយស្តាប់រឿងនេះហើយ ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គ បុព្វកម្មរបស់ប្រេតនោះដូចម្តេច ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើ យ៉ាងនោះ ចូរពួកអ្នកស្តាប់ចុះ ហើយទ្រង់នាំអតីតនិទានមក ត្រាស់បុព្វកម្ម របស់ ប្រេតនោះដូចតទៅនេះ ។ បានឮមកថា ក្នុងសាសនារបស់ព្រះពុទ្ធកស្សបៈ ព្រះថេរៈពីររូបព្រមព្រៀង គ្នាក្នុងអាវាសជិតភូមិមួយកន្លែង ។ ក្នុងព្រះថេរៈពីររូបនោះ មួយរូបមាន វស្សា ៦០ មួយរូបមានវស្សា ៥៩ ភិក្ខុដែលមានវស្សា ៥៩ នោះកាន់បាត្រ និងចីវររបស់ព្រះថេរៈត្រាច់ទៅ បានធ្វើវត្តបដិបត្តិគ្រប់យ៉ាងដូចសាមណេរ ។