អដ្ឋកថា បដាចារាវត្ថុទី ១២)
ពីរបទថា សុត្តំ គាមំ បានដល់ ពួកសត្វដែលចូលដល់នូវការដេកលក់ ។ បទថា មហោឃោវ ជាដើម សេចក្តីថា អន្លង់មហានទី ជ្រៅផង ធំផង កួចអ្នកស្រុកបែបនោះទៅទាំងអស់ ដោយហោចសូម្បីឆ្កែក៏មិនទុក យ៉ាងណា មច្ចុ រមែងនាំនរៈមានប្រការដូចពោលហើយទៅ ដូច្នោះ ។ ក្នុងកាលចប់ទេសនា នាងកិសាគោតមី តាំងនៅក្នុងសោតាបត្តិផល ហើយ ទេសនាមានប្រយោជន៍ដល់បុគ្គលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង នាងកិសាគោតមី ចប់ ៥ រឿង នាងបដាចារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបដាចារា ត្រាស់ ព្រះធម្មទេសនានេះថា ន សន្តិ បុត្តា ជាដើម ។ រឿងរ៉ាវខ្ញុំពោលពិស្តារហើយ ក្នុងកិច្ចពណ៌នាព្រះគាថា ក្នុងសហស្សវគ្គថា បុគ្គលណា រស់នៅ ១០០ ឆ្នាំ មិនឃើញការកើតឡើង និង ការវិនាសទៅ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោក ដែលឃើញការកើតឡើង និងការវិនាសទៅ ប្រសើរជាង ។ ក្នុងកាលនោះ ព្រះសាស្តាទ្រង់ជ្រាបនាងបដាចារាថា មានសេចក្តីសោក ធូរស្រាលហើយ ទើបត្រាស់ថា ម្នាលនាងបដាចារា ឈ្មោះថា បិយជន ទាំងឡាយ មានកូនជាដើម រមែងមិនអាចជាទីជ្រកកោន ឬការពាររបស់ បុគ្គលទៅកាន់បរលោកបានឡើយ ព្រោះដូច្នោះ ជនទាំងនោះ សូម្បីមាន ក៏ ឈ្មោះថា មិនមានពិត ឯការដែលបណ្ឌិតជម្រះសីលឲ្យបរិសុទ្ធហើយ ជម្រះ ផ្លូវដែលជាទីទៅកាន់ព្រះនិព្វាន ដើម្បីខ្លួននោះឯង គួរ ដូច្នេះហើយ ទើបទ្រង់ សម្តែងធម៌ ទ្រង់បានភាសិតព្រះគាថាទាំងនេះថា ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ។