អដ្ឋកថា អដ្ឋកថា (អត្តនោបុព្វកម្មវត្ថុទី ១
រឿង បុព្វកម្មព្រះសាស្តា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុព្វកម្មរបស់ ព្រះអង្គ ត្រាស់ព្រះធម្មទេសនានេះថា មត្តាសុខបរិច្ចាគា ជាដើម ។ សេចក្តីពិស្តារ សម័យមួយ ក្រុងវេសាលី បានជាក្រុងមាំទាំទូលំទូលាយ មានជនច្រើន មានមនុស្សកុះករ ។ ក្នុងក្រុងវេសាលីនោះ មានក្សត្រគ្រប់គ្រង រាជសម្បត្តិតាមវារៈរហូតដល់ ៧ ពាន់ ៧ រយអង្គ ។ ប្រាសាទដើម្បីជា ប្រយោជន៍ ជាទីប្រថាប់របស់ក្សត្រទាំងនោះ ក៏មានប្រមាណបុណ្ណោះដូចគ្នា ផ្ទះកំពូល ក៏មានប្រមាណបុណ្ណោះដូចគ្នា ទីកន្លែងដែលគួរត្រេកអរ និងស្រះ បោក្ខរណី ដើម្បីប្រយោជន៍ជាទីប្រថាប់ក្នុងព្រះរាជឧទ្យាន ក៏មានប្រមាណ បុណ្ណោះដូចគ្នា ។ ដោយសម័យដទៃទៀត កាលក្រុងវេសាលីនោះជាក្រុងមានភិក្ខារកបាន លំបាក សម្ទូងក៏អន្តរាយ ។ ដំបូង ពួកមនុស្សដែលក្រីក្រក្នុងក្រុងវេសាលី បានស្លាប់ហើយជាច្រើន ព្រោះទោស គឺការអត់ឃ្លាន ។ ពួកអមនុស្សក៏ចូលទៅ ក្នុងព្រះនគរ ព្រោះក្លិនសាកសពរបស់មនុស្សទាំងនោះ ដែលគេចោល ក្នុងទីនោះៗ មនុស្សទាំងឡាយស្លាប់ច្រើនឡើងៗ ព្រោះឧបទ្ទវដែលកើត អំពីអមនុស្ស ។ អហិវាតករោគកើតឡើងដល់សត្វទាំងឡាយ ព្រោះភាព បដិកូលដោយក្លិនសាកសពនៃមនុស្សទាំងនោះ ។ ភ័យ ៣ យ៉ាង គឺភ័យ កើតអំពីភិក្ខារកបានលំបាក ១ ភ័យកើតអំពីអមនុស្ស ១ ភ័យកើតអំពីរោគ ១ កើតឡើងហើយ ដោយប្រការដូច្នេះ ។ អ្នកនគរប្រជុំគ្នាហើយ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ភ័យ ៣ យ៉ាង កើតឡើងហើយក្នុងព្រះនគរនេះ ក្នុងកាលមុនអំពីនេះ រហូតដល់ ព្រះរាជា ៧ ជំនាន់ ឈ្មោះថា ភ័យបែបនេះ មិនធ្លាប់កើតឡើងឡើយ ព្រោះថា ក្នុងរជ្ជកាលរបស់ព្រះរាជាដែលទ្រទ្រង់ធម៌ទាំងឡាយ ភ័យបែបនេះ មិន កើតឡើងឡើយ