អដ្ឋកថា ចូឡសុភទ្ទាវត្ថុទី ៨
សេដ្ឋីបុត្រម្នាក់ឈ្មោះឧគ្គៈ អ្នកឧគ្គនគរ ជាសម្លាញ់របស់ អនាថបិណ្ឌិកសេដ្ឋី តាំងអំពីកាលនៅជាកំលោះ សម្លាញ់ទាំងពីរនោះរៀនសិប្បៈ ក្នុងត្រកូលអាចារ្យជាមួយគ្នា សន្យានឹងគ្នាថា ក្នុងពេលដែលយើងទាំង ២ ចម្រើនវ័យ បុត្រ និងធីតាកើតហើយ បុគ្គលណាសុំធីតាដើម្បីប្រយោជន៍ ដល់បុត្រ បុគ្គលនោះត្រូវឲ្យធីតានោះ ។ ជនទាំងពីរចម្រើនវ័យហើយ គ្រប់គ្រង តំណែងសេដ្ឋីក្នុងនគររៀងៗ ខ្លួន ។ សម័យមួយ ឧគ្គសេដ្ឋីប្រកបការលក់ដូរ បានទៅកាន់ក្រុងសាវត្ថីដោយ រទេះ ៥០០ ។ អនាថបិណ្ឌិកសេដ្ឋីហៅនាងចូឡសុភទ្ទាធីតារបស់ខ្លួនមកប្រាប់ ថា នែនាង បិតារបស់នាងឈ្មោះឧគ្គសេដ្ឋីមក កិច្ចដែលគួរធ្វើដល់គេជាភារៈ របស់នាង ។ នាងទទួលថា សាធុ បានរៀបចំភោជន មានសម្ល និងម្ហូបជាដើមដោយ ដៃខ្លួនឯង តាំងអំពីថ្ងៃឧគ្គសេដ្ឋីនោះមក ត្រៀមវត្ថុផ្សេងៗ មានកម្រងផ្កា គ្រឿង ក្រអូប និងគ្រឿងលាបជាដើម ក្នុងពេលបរិភោគ ក៏រៀបចំទឹកសម្រាប់ងូត រង់ចាំលោកសេដ្ឋីនោះ តាំងអំពីងូតទៅ រមែងធ្វើកិច្ចគ្រប់យ៉ាងសម្រេចរៀប រយ ។ ឧគ្គសេដ្ឋីបានឃើញអាចារសម្បត្តិរបស់នាងសុភទ្ទានោះហើយ មានចិត្ត ជ្រះថ្លា ។ ថ្ងៃមួយ អង្គុយជាមួយអនាថបិណ្ឌិកសេដ្ឋី ដោយកថាប្រារព្ធសេចក្តី សុខ ហើយរពឫកបានថា កាលនៅកំលោះ យើងទាំងពីរធ្វើកតិកាឈ្មោះនេះ ទើបសូមនាងចូឡសុភទ្ទា ដើម្បីប្រយោជន៍ដល់បុត្ររបស់ខ្លួន តែឧគ្គសេដ្ឋីនោះ ដោយប្រក្រតីជាមិច្ឆាទិដ្ឋិ ព្រោះដូច្នោះ ទើបអនាថបិណ្ឌិកសេដ្ឋីក្រាបទូលសេចក្តី នោះដល់ព្រះទសពល ព្រះសាស្តាទ្រង់ឃើញឧបនិស្ស័យរបស់ឧគ្គសេដ្ឋីហើយ ទ្រង់អនុញ្ញាត ។