ខេមកសេដ្ឋិបុត្តវត្ថុទី ៤
រឿង សេដ្ឋីបុត្រឈ្មោះ ខេមកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសេដ្ឋីបុត្រឈ្មោះ ខេមកៈ ដែលជាក្មួយរបស់អនាថបិណ្ឌិកសេដ្ឋី ត្រាស់ព្រះធម្មទេសនានេះថា ចត្តារិ ឋានានិ ជាដើម ។ បានឮមកថា ខេមកៈនោះជាបុរសរូបស្អាត ដោយច្រើនស្រីទាំងឡាយ ឃើញគាត់ហើយ ត្រូវរាគៈគ្របសង្កត់ មិនអាចតាំងនៅតាមភាវៈរបស់ខ្លួនបាន គាត់បានត្រេកអរក្នុងបទារកម្មនោះដូចគ្នា ។ បន្ទាប់មកក្នុងពេលរាត្រី ពួករាជបុរសចាប់នាំទៅបង្ហាញដល់ព្រះរាជា ។ ព្រះរាជាមិនបានត្រាស់ ដោយត្រិះរិះថា យើងខ្មាសចំពោះមហាសេដ្ឋី ហើយ ឲ្យដោះលែងទៅ ចំណែកខេមកៈនោះ មិនបានរាងចាលឡើយ ។ បន្ទាប់មក ពួករាជបុរសក៏ចាប់បង្ហាញដល់ព្រះរាជាអស់វារៈ ២ ដង អស់វារៈ ៣ ដង ព្រះរាជាត្រាស់ឲ្យដោះលែងដដែល ។ សេដ្ឋីជ្រាបរឿងនោះហើយ នាំខេមកៈ ចូលទៅកាន់សម្នាក់ព្រះសាស្តា ក្រាបទូលរឿងនោះហើយទូលថា បពិត្រព្រះអង្គ សូមទ្រង់សម្តែងធម៌ដល់ខេមកៈនេះ ។ ព្រះសាស្តាត្រាស់សង្វេគកថាដល់ខេមកៈហើយ កាលទ្រង់សម្តែងទោស ក្នុងការសេពភរិយាអ្នកដទៃ ទ្រង់ភាសិតព្រះគាថាទាំងនោះថា ចត្តារិ ថានានិ នរោ បមត្តោ អាបជ្ជតី បរទារូបសេវី អបុញ្ញលាភំ ន និកាមសេយ្យំ និន្ទំ តតិយំ និរយំ ចតុត្ថំ ។ អបុញ្ញលាភោ ច គតី ច បបិកា ភីតស្ស ភីតាយ រតី ច ថោកិការាជា ច ទណ្ឌំ គរុកំ បណេតិ តស្មា នរោ បទារំ ន សេវេ ។ នរជនអ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវ ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងគឺ ទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់ នរក ។