អដ្ឋកថា ខេមកសេដ្ឋិបុត្តវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 443

បទថា បមត្តោ បានដល់ ប្រកបដោយការបណ្តោយសតិ ។ បទថា អាបជ្ជតិ គឺរមែងដល់ ។ បទថា បរទារូបសេវី សេចក្តីថា ចូលទៅសេពភរិយារបស់អ្នកដទៃ ឈ្មោះថា ប្រព្រឹត្តក្រៅផ្លូវ ។ បទថា អបុញ្ញលាភំ បានដល់ ការបាននូវអកុសល ។ បទថា ន និកាមសេយ្យំ សេចក្តីថា បុគ្គលនោះ មិនបានការដេកតាម ប្រាថ្នា រមែងបាននូវការដេកអស់កាលបន្តិចបន្តួចបុណ្ណោះ ដែលខ្លួនមិនប្រាថ្នា ។ បទថា អបុញ្ញលាភោ ច សេចក្តីថា ការបាននូវវត្ថុ ដែលមិនមែនជា បុណ្យ ១ គតិដ៏លាមក ពោល គឺនរក ព្រោះវត្ថុដែលមិនមែនជាបុណ្យនោះ ជាហេតុ ១ រមែងមិនមានដល់បុគ្គលនោះយ៉ាងនេះ ។ ពីរបទថា រតី ច ថោកិកា សេចក្តីថា ការត្រេកអររបស់បុរសដែល ខ្លាចនោះ ជាមួយស្រីដែលខ្លាចមានប្រមាណតិច គឺមានតិចតួច ។ បទថា គរុកំ សេចក្តីថា ម្យ៉ាងទៀត ព្រះរាជារមែងដាក់នូវអាជាយ៉ាង ធ្ងន់ ដោយអំណាចនៃការកាត់ដៃជាដើម ។ បទថា តស្មា ជាដើម សេចក្តីថា បុគ្គលសេពភរិយារបស់អ្នកដទៃ រមែងដល់នូវឋានៈទាំងឡាយ ដែលមិនមែនជាបុណ្យជាដើមនោះ ព្រោះដូច្នោះ ទើបនរៈមិនគួរសេពភរិយារបស់អ្នកដទៃ ។ ក្នុងកាលចប់ទេសនា ខេមកៈតាំងនៅក្នុងសោតាបត្តិផល តាំងអំពីនោះ មក មហាជនញ៉ាំងកាលឲ្យកន្លងទៅយ៉ាងសប្បាយ ។ សួរថា បុព្វកម្មរបស់ខេមកៈនោះដូចម្តេច ឆ្លើយថា បានឮមកថា ក្នុង សម័យរបស់ព្រះពុទ្ធព្រះនាមកស្សបទសពល ខេមកៈជាអ្នកប្រដាល់ដែល ពូកែបំផុត គាត់លើកទង់មាសពីរបន្ទះឡើង ត្រង់កាញ្ចនស្តូបរបស់ព្រះទសពលហើយ តាំងសេចក្តីប្រាថ្នាថា វៀរតែស្រីដែលជាញត្តិចេញ ស្រីដ៏សេស ឃើញខ្ញុំព្រះអង្គហើយ សូមមានតម្រេក ។