អដ្ឋកថា ឥស្សាបកតិត្ថិវត្ថុទី ៦
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមហើយ ។ ភិក្ខុនោះតាំងនៅក្នុងការសង្រួមហើយ ក្រោយ មកចម្រើនវិបស្សនា សម្រេចអរហត្ត ដូច្នេះឯង ។ រឿង ភិក្ខុប្រដៅក្រ ចប់ ៥ រឿង ស្រីឆ្នាស លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រីកាចម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា អកតំ ជាដើម ។ បានឮមកថា ប្តីរបស់ស្រីនោះ បានធ្វើការស្និទ្ធស្នាលជាមួយស្រីបម្រើ ក្នុងផ្ទះម្នាក់ ។ ស្រីកាចនោះ ចងដៃចងជើងស្រីបម្រើនោះហើយ កាត់ត្រចៀក កាត់ច្រមុះ បង្ខាំងក្នុងបន្ទប់តូចមួយបិទទ្វារហើយ ដើម្បីបិទបាំងកម្មអាក្រក់ នោះ ដែលខ្លួនធ្វើហើយបបួលប្តីថា មកយើងនឹងទៅស្តាប់ធម៌ នាំប្តីទៅវត្ត អង្គុយស្តាប់ធម៌ ។ ខណៈនោះ ពួកញាតិមកពីចម្ងាយរបស់នាង មកកាន់ផ្ទះ ហើយ បើកទ្វារឃើញអាការចម្លែកនោះហើយ ស្រាយស្រីបម្រើចេញ ។ ស្រី បម្រើនោះទៅវត្ត ក្រាបទូលសេចក្តីនោះដល់ព្រះទសពល ត្រង់កណ្តាលបរិស័ទ ៤ ។ ព្រះសាស្តាស្តាប់ពាក្យរបស់ស្រីបម្រើហើយត្រាស់ថា ឈ្មោះថា ទុច្ចរិត ទោះបីតិចតួចបុគ្គលមិនគួរធ្វើ ដោយការសម្គាល់ថា ជនដទៃតែងមិនដឹងកម្ម នោះរបស់អញ ចំណែកសុចរិតនោះឯង ទោះបីបុគ្គលដទៃមិនដឹងក៏គួរធ្វើ ព្រោះថា ឈ្មោះថា ទុច្ចរិត ទោះបីបុគ្គលធ្វើដោយបិទបាំង រមែងធ្វើការដុតរោល ក្នុងកាលជាខាងក្រោយ ចំណែកសុចរិត ញ៉ាំងនូវសេចក្តីត្រេកអរតែម្យ៉ាង ឲ្យកើតឡើង ដូច្នេះហើយ ទើបត្រាស់គាថានេះថា អកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ ។