នាគវគ្គទី ២៣

ក្បាលទី 34 · ទំព័រ 460

តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរីកាលអត់ទ្រាំចំពោះ ព្រួញ ដែលរបូតចេញអំពីធ្នូ ក្នុងសង្រ្គាម ដូច្នោះ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់ ។ ពួកជនតែងនាំវាហនៈដែលទូន្មានហើយ ទៅកាន់ទីប្រជុំ ព្រះរាជាតែងស្តេចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមាន ខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត ។ ពួកសេះអស្សតរក្តី សេះ អាជានេយ្យក្តី សេះសិន្ធពក្តី ដំរីកុញ្ជរដ៏ប្រសើរក្តី ដែលបុគ្គលប្រៀនប្រដៅ បានបទហើយ រាប់ថា ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មាន បានបទ ហើយ ប្រសើរជាងសត្វទាំងអស់នោះ ។ បុគ្គលទូន្មានខ្លួន បានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថា ទូន្មាន ហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វានបាន ពុំមែនដូច បុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះ ឡើយ ។ ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បាន ដោយលំបាក បើនាយហត្ថាចារ្យ ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរពឫកដល់ ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់នៅ ។ កាលណា បុគ្គលអ្នកមានសេចក្តីងោកងុយផង អ្នកបរិភោគភោជន មានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននេលោផង ដូចជ្រូក ស្រុកដែលបុគ្គលចិញ្ចឹមដោយសូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្ស ខ្លៅ រមែងចូលទៅកាន់គភ៌រឿយៗ ។ ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការ ដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្តីសប្បាយ ក្នុងថ្ងៃ នេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរសង្កត់សង្កិន ដំរីចុះប្រេង ដូច្នោះដែរ ។