អដ្ឋកថា សានុសាមណេរវត្ថុទី ៥
លោកមិនធ្វើការរារែកអ្វីឡើយ ដោយពោលថា ខ្យល់សៀត ចាក់ដោតហទយៈរបស់ខ្ញុំ ឬរោគក្អកបៀតបៀនខ្ញុំ ឡើងកាន់ធម្មាសនៈពោល បទភាណ ដូចធ្វើឲ្យទឹកក្នុងអាកាសធ្លាក់ចុះ កាលនឹងចុះ រមែងពោលថា ខ្ញុំឲ្យ ចំណែកបុណ្យ ព្រោះការពោលនេះដល់មាតា និងបិតារបស់ខ្ញុំ ។ មនុស្ស ទាំងឡាយមិនជ្រាបភាពដែលលោកឲ្យចំណែកបុណ្យដល់មាតាបិតាឡើយ ។ មាតារបស់លោក កើតជាយក្ខិនីក្នុងអត្តភាពជាលំដាប់ នាងមកជាមួយ ទេវតាទាំងឡាយស្តាប់ធម៌ហើយ កាលអនុមោទនាចំណែកបុណ្យដែលសាមណេរ ឲ្យ តែងពោលថា ខ្ញុំសូមអនុមោទនា ។ ធម្មតាភិក្ខុទាំងឡាយ ដែលសម្បូរ ដោយសីល រមែងជាទីស្រឡាញ់របស់លោក ព្រមទាំងទេវលោក ព្រោះដូច្នោះ ពួកទេវតាដែលមានការខ្មាស មានការគោរពក្នុងសាមណេរ រមែងសម្គាល់ លោកដូចមហាព្រហ្ម និងគំនរភ្លើង ។ ហើយរមែងឃើញយក្ខិនីនោះថា គួរ គោរព ព្រោះគោរពក្នុងសាមណេរ ក្នុងសម័យទាំងឡាយ មានសម័យស្តាប់ ធម៌ និងសម័យយក្ខសន្និបាតជាដើម អមនុស្សទាំងឡាយរមែងឲ្យអាសនៈល្អ ទឹកល្អ អាហារល្អដល់យក្ខិនី ដោយគិតថា យក្ខិនីនេះ ជាម្តាយរបស់សានុសាមណេរ យក្សទាំងឡាយដែលមានសក្តិធំ ឃើញយក្ខិនីហើយ មែង ចៀសផ្លូវ រមែងក្រោកឡើងចាកអាសនៈ ។ កាលសាមណេរនោះដល់នូវសេចក្តីចម្រើន មានឥន្ទ្រិយចាស់ក្លា ត្រូវ សេចក្តីមិនត្រេកអរបៀតបៀន មិនអាចបន្ទោបង់ការមិនត្រេកអរបាន ទុកសក់ និងក្រចកវែង មានសំពត់ស្លៀក និងសំពត់ដណ្តប់រយីករយាក មិនប្រាប់ ឧបាសិកាឃើញបុត្រហើយ ថ្វាយបង្គំ ពោលថា នែបា ពីមុនបាមកក្នុងទីមួយ អន្លើដោយអាចារ្យ និងឧបជ្ឈាយ៍ ឬមួយអន្លើដោយភិក្ខុកំលោះ និងសាមណេរ ហេតុអ្វីក្នុងថ្ងៃនេះ ទើបបាមកមួយអង្គឯង លោកប្រាប់ភាពដែលលោកអផ្សុក ដល់មាតាហើយ ។